Khmer suport khmer cc time

៩ខែ៖ អាជ្ញាធរកម្ពុជា រកឃើញបទល្មើសជិត ៣ពាន់លើក មានមនុស្សជាង ៥នាក់មកពី៩៣សញ្ជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសសរុប ២.៩២១លើក មានមនុស្ស ៥.២៦២នាក់ ស្មើនឹង៩៣សញ្ជាតិ ក្នុងនោះមានបទល្មើសដែលចូលប្រទេសកម្ពុជា ចំនួន២.២៨៧លើក ស្មើនឹងមនុស្ស៤.២៧១នាក់ មកពី៨៩សញ្ជាតិ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

តាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងទៀតថា ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការ១០៣នាក់ និងចាត់វិធានការបញ្ជូនត្រឡប់ទៅវិញ៤.១៦៨នាក់។ ចំពោះជនសង្ស័យជាង៤ពាន់នាក់ទៀតនោះ សមត្ថកិច្ចបានរកឃើញជាអាទិ៍៖ មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រើប្រាស់ស្ទីកគ័រក្លែងក្លាយ ប្រថាប់ត្រាចេញ ចូលក្លែងក្លាយ ទិន្នន័យលើលិខិតឆ្លងដែនក្លែងក្លាយ ពុំមានគោលបំណងធ្វើដំណើរច្បាស់លាស់ និងលិខិតឆ្លងដែនពុំមានសុពលភាព។

ដោយឡែក បទល្មើសពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ចេញពីប្រទេស មាន៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់ ត្រូវនឹង២០សញ្ជាតិ ក្នុងនោះមន្ត្រីអន្តោប្រវេសន៍បានឃាត់ដំណើរមិនឱ្យចេញ និងបញ្ជូនទៅតុលាការ២៧០នាក់ ព្រមទាំងបញ្ជូនអ្នកដំណើរមួយចំនួនទៀត ដែលត្រូវបានរកឃើញថាជាជនរងគ្រោះឱ្យត្រឡប់ទៅលំនៅឋានវិញមាន៧២១នាក់។ អ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវបានរកឃើញថា មានឈ្មោះក្នុងបញ្ជីមុខសញ្ញា រត់ពន្ធមនុស្ស ពុំមានគោលបំណងច្បាស់លាស់ ស្នាក់នៅលើសទិដ្ឋាការ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រថាប់ត្រាចេញ-ចូលក្លែងក្លាយ និងមិនមានទិដ្ឋាការចូលមកកម្ពុជាជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា Cambodia e-Arrival ប្រព័ន្ធ Cambodia v-Pass ជំនួសការប្រើប្រាស់ត្រាជំនាញឬស្ទីកគ័រ QRកូដ សម្រាប់អ្នកដំណើរទាំងអស់ ដែលចេញ-ចូល កម្ពុជា។ ប្រព័ន្ធនេះកំពុងដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣។ ក្រៅពីនេះ អគ្គនាយកដ្ឋានក៏មានប្រព័ន្ធបច្ចេកវិទ្យានៅតាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ មានជាអាទិ៍ ប្រព័ន្ធCBMS ប្រព័ន្ធTMS ដែលមានសមត្ថភាពចាប់យកទិន្នន័យលើលិខិតឆ្លងដែន រូបថត ខ្ចៅដៃ ទិដ្ឋាការ សម្រាប់បម្រើការងារជំនាញស្រាវជ្រាវ និងស្វែងរក៕

Khcct banner

អត្ថបទទាក់ទង