ភ្នំពេញ៖ ប្រទេសកម្ពុជានៅថ្ងៃនេះ គិតត្រឹមម៉ោង៧ព្រឹកនេះរកឃើញករណីឆ្លងថ្មីបន្ថែមចំនួន៣នាក់ទៀតជាអ្នកធ្វើដំណើរមកពីបរទេសមកកម្ពុជា។ ជាមួយគ្នានេះ ពលករខ្មែរមកពីថៃចំនួនបីនាក់ទៀតត្រូវបានព្យាបាលឱ្យជាសះស្បើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៥៦នាក់ (ស្រី១៥៥នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៥ នាក់ (ស្រី៩៣នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨១នាក់(ស្រី ៦២នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៩៩នាក់(ស្រី ១១៨នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៧នាក់ (ស្រី៣៩នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ០៩នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ (ស្រី ២៤នាក់) មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ១០នាក់ (ស្រី០៥នាក់)៕


