
កំពង់ចាម៖ ប្រទេសកម្ពុជានៅថ្ងៃទី២១ ខែមករាឆ្នាំ២០២១ បានរកឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន៥តោនដែលសល់ពីសង្គ្រាមឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នេះជាការលើកឡើងពីឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់មិនទាន់ផ្ទុះ៥តោន ក្នុងនោះមានជាគ្រាប់AK57, គ្រាប់ត្បាល់៦០មីលីម៉ែត្រ ,គ្រាប់ត្បាល់៨១មីលីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រ ចំនួនសរុបជាង៣០០កេសធំ ត្រូវបានបានស្រង់ពីនាវាចម្បាំងដែលបានលិចក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គួររំលឹកថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ កងកម្លាំងបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា បាននឹងកំពុងបន្តបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំឡើងវិញ ដើម្បីរុករក និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមទឹក ដែលស្ថិតនៅទីតាំងលិចនាវាចម្បាំង អំលុងសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕








