ភ្នំពេញ៖ ក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ បង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងគ្រាប់ផ្លែរីករាយ ដើម្បីនាំចេញទៅទីផ្សារចិន និងអាម៉េរិក។ គោលបំណងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេស លើសពីច្បាប់វិនិយោគ។
ក្រៅពីវិស័យស្វាយចន្ទី លោកក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលផ្សេងទៀតដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ជាដើមដែលក្រុមហ៊ុនអាចធ្វើការកែច្នៃដើម្បីទាញយកផលចំណេញជាអតិបរិមា។
ជាមួយគ្នានេះ លោក Zhou Jiesheng (ចូវ ជាសឹង) នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. បានបញ្ជាក់ពីគោលបំណងពង្រីកការវិនិយោគមកកម្ពុជាដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុកផងដែរ។
លោកបានបន្ថែមថា ក្រៅពីការសំទ្បឹងឃើញពីសក្តានុពលនៃវិស័យស្វាយចន្ទី លោកក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ លោកសង្ឃឹមថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
លោក ជា វុទ្ធី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនក្នុងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ៤ប៊ីលានដុល្លារអាម៉េរិក/ឆ្នាំ៕