ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជា-ឡាវ បានរៀបចំព្រឹត្តិការណ៍ «កីឡារត់កម្សាន្តអបអរសាទរមិត្តភាពកម្ពុជា-ឡាវ» ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់។ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវ។
ពិធីនេះ រៀបចំឡើងដោយមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីសួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់។
លោក ហួត ហាក់ ចាត់ទុក ព្រឹត្តិការណ៍កីឡារត់កម្សាន្តនេះ គឺជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍តាមរយៈកីឡា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើតឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរបានជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។សម្រាប់លោករដ្ឋមន្ត្រី កម្ពុជា និងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ភាគឦសាននៃកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវឱ្យកាន់តែច្រើន។
លោក បានអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងឡាវ ដើម្បីរួមគ្នាជំរុញកំណើនភ្ញៀវទេសចរ លើកកម្ពស់ភាពទាក់ទាញនៃគោលដៅទេសចរណ៍ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន៕