Khmer suport khmer cc time

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ«កោះនរា-មេគង្គឃី»ឈានដល់ការចុះកិច្ចសន្យាសាងសង់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពី ទីក្រុងរណបកោះនរា ទៅកាន់ ទីក្រុងរណបមេគង្គឃី (ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល) ត្រូវបានចុះហត្ថលេខាកិច្ចសន្យាសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី ១៦ តុលានេះ។ពិធីចុះMOUនេះ រៀបចំឡើងក្រោមអធិបតីរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការចុះMOUនេះ ធ្វើឡើងរវាងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានគម្រោង ធីភី ម៉ូរ៉ាល់ គ្រុប ឯ. ក តំណាងដោយ លោកឧកញ្ញ ឃុន សេងផេង ជាមួយក្រុមហ៊ុនសាងសង់ Zhejiang Huan Xin Traffic Engineering Co., Ltd. តំណាងដោយ លោក ជូ​ ឆាងហ្គិន (Zhu Changgen) អគ្គនាយកក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Zhejiang Institute of Communications Co., Ltd. សហការជាមួយក្រុមហ៊ុន Mekong PWT Engineering Co., Ltd. ដែលជាក្រុមហ៊ុនក្នុងស្រុក តំណាងដោយលោក Guo Rui និងមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា ឆាល វ៉ាន់ អគ្គនាយករងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុន និង មន្ត្រីពាក់ព័ន្ធ។

លោក ប៉េង ពោធិ៍នា ចាត់ទុកគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លួវ ស្ពានប្រទាក់ក្រឡាស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។លោកបានស្នើដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តការងារប្រកបដោយឯករាជ្យ និងសុចរិតភាព ព្រមទាំងជំរុញការចែករំលែកចំណេះដឹងដល់វិស្វករកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ទៅកាន់ទីក្រុងរណប កោះនរា នេះនឹងជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ជាពិសេសនៅលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល៕

Khcct banner

អត្ថបទទាក់ទង