ភ្នំពេញ៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាកន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាទូទាំងប្រទេសសរុបប្រមាណ ២,១៦លានដងនាក់ កើនឡើង ០,៨% បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ទេសចរជាតិដែលបានស្នាក់នៅសរុបប្រមាណជាង ៣៨ម៉ឺនដងនាក់ ខណៈប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តមានសរុបប្រមាណជាង ១,៧៥លានដងនាក់ និងទេសចរបរទេសសរុបប្រមាណជាង ២,៤ ម៉ឺនដងនាក់។
របាយការណ៍បញ្ជាក់ថា ខេត្តចំនួន៥ ដែលជាគោលដៅទេសចរណ៍ទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានដូចជា ខេត្តសៀមរាប ទទួលបានទេសចរប្រមាណជាង ២៥ម៉ឺនដងនាក់ ខេត្តកំពតប្រមាណជាង ២២ម៉ឺនដងនាក់ ខេត្តព្រះសីហនុប្រមាណជាង ១៩ម៉ឺនដងនាក់ ខេត្តកំពង់ឆ្នាំងប្រមាណជាង ១៦,៨ម៉ឺនដងនាក់ និងខេត្តកំពង់ចាមប្រមាណជាង ១៦,៥ម៉ឺនដងនាក់៕