ភ្នំពេញ៖ អាស៊ែបៃហ្សង់ ក្លាយជាប្រទេសអឺរ៉ុបខាងកើតទី១ ដែលកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយ លើការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement-DTA)។ តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធដារកម្ពុជា-អាស៊ែបៃហ្សង់ នឹងត្រូវបានពង្រឹងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលនឹងផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
បើតាមសេចក្ដីប្រកាស សាធារណរដ្ឋអាស៊ែបៃហ្សង់ គឺជាប្រទេសអឺរ៉ុបខាងកើតទី១ ដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ជាមួយ ហើយកិច្ចព្រមព្រៀង DTA កម្ពុជា-អាស៊ែបៃហ្សង់នេះ ក៏ជាកិច្ចព្រមព្រៀង DTA ទី១៥ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយ យុត្តាធិការដៃគូ។ តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធដារ កម្ពុជា-អាស៊ែបៃហ្សង់ នឹងត្រូវបាន ពង្រឹងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលនឹងផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក។
ជារួមកិច្ចព្រមព្រៀង DTA ផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិ នៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, រំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិង ជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ, និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។
អគ្គនាយកដ្ឋានគយបញ្ជាក់បន្ថែមថា ការចុះហត្ថលេខាឱ្យមានកិច្ចព្រមព្រៀង DTA កម្ពុជា-អាស៊ែបៃហ្សង់ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលសំខាន់ៗ ជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទីប្រាំពីរនៃរដ្ឋសភាសម្រេចបាន ក៏ដូចជាស្របតាមមាគ៌ដឹកនាំរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសបារាំងដែរ ហើយបាននិងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា ជប៉ុន ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម និងកាតា ជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតី សាធារណរដ្ឋអាស៊ែបៃហ្សង់ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពី “ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement-DTA)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងលោក Mikayil Jabbarov រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងនាម រដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕