ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត សហការរួមគ្នាជំរុញការបង្កើតជើងហោះហើរត្រង់ដើម្បីបង្កើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរ ជាពិសេសភាគីទាំងពីរឯកភាពគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ឱ្យពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ។ នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ លោក Thamer Mohammed A Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាជំរុញការបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។
តាមការរយៈការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ គូភាគីទាំងពីរបានឯកភាពពិនិត្យការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip)។ ចំណុចសំខាន់មួយទៀត ភាគីទាំងពីរនិងសហការរួមគ្នា ជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ឱ្យពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ៕