Swift cc time

«គ្រាប់ស្វាយចន្ទី»កម្ពុជាចំនួន១ម៉ឺន៥ពាន់កំប៉ុង់ ស្នើជាង ៣តោន បាននាំចេញទៅកាន់ទីផ្សារជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ ផលិតផល «គ្រាប់ស្វាយចន្ទី» ចំនួន១៥០០០កំប៉ុង់ ស្មើជាង៣តោនរបស់ក្រុមហ៊ុន អេចស៊ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) សម្រេចបានការនាំចេញដែលមានគុណភាពខ្ពស់ក្នុងទ្រង់ទ្រាយធំជាលើកដំបូងទៅកាន់ ក្រុមហ៊ុន Inoue Calcium Corporation ប្រទេសជប៉ុន។ក្រសួងពាណិជ្ជកម្មកម្ពុជា ចាត់ទុកថាគឺជាលទ្ធផលវិជ្ជមាន និងការចាប់ផ្តើមនៃភាពជោគជ័យ។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន អេចស៊ីអេសធី អ៉ិនវេសម៉ិន ឯ.ក បាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីក្នុងទ្រង់ទ្រាយធំជាលើកដំបូងទៅកាន់ក្រុមហ៊ុន Inoue Calcium Corporation ទីផ្សារប្រទេសជប៉ុន។

បើតាមលោក ម៉ែន គុង ផលិតផល «គ្រាប់ស្វាយចន្ទី» ចំនួន ១៥០០០កំប៉ុង់ ស្មើជាង ៣តោន ដែលជាចំនួនច្រើនមិនធ្លាប់មានពីមុន ខណៈកន្លងទៅ«គ្រាប់ស្វាយចន្ទី»របស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារជប៉ុនដែរ តែក្នុងចំនួនតិចតួចខុសពីពេលនេះ គឺជោគជ័យនាំចេញទៅច្រើន។

ការនាំចេញនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ចាត់ទុកថា គឺជាលទ្ធផលវិជ្ជមាន និងការចាប់ផ្តើមនៃភាពជោគជ័យមួយរបស់ក្រុមហ៊ុន ក៏ដូចជាវិស័យគ្រាប់ស្វាយចន្ទីកម្ពុជាផងដែរ ពិសេសបង្ហាញពីសមត្ថភាពក្នុងការផលិតផលិតផលដែលមានគុណភាព និងឆ្លើយតបតាមតម្រូវការរបស់ទីផ្សារអន្តរជាតិ។ ការចូលទៅកាន់ទីផ្សារជប៉ុននេះ ក៏បង្ហាញពីការខិតខំប្រឹងប្រែងក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា និងពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើនទៀត។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្តេជ្ញាចិត្តថា នឹងបន្តសម្របសម្រួល និងជំរុញការតភ្ជាប់ទីផ្សារ ដើម្បីបង្កើនឱកាសកាន់តែច្រើនសម្រាប់ផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារអន្តរជាតិ ហើយសមិទ្ធផលនេះ មិនត្រឹមតែជាភាពរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែជាជំហានវិជ្ជមានសម្រាប់វិស័យគ្រាប់ស្វាយចន្ទីម្ពុជា ក្នុងការបន្តពង្រីកទីផ្សារ និងបន្តបង្កើនកេរ្តិ៍ឈ្មោះ ក៏ដូចជាបន្តបង្កើនការនាំចេញផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ និងមានតម្លៃបន្ថែមទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

Khcct banner

អត្ថបទទាក់ទង