ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ៨ តុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា ដំណាក់កាលទី ២” (Implementation Agreement on Improved Competitiveness of National Enterprises Phase II – ICONE II)។ជាគម្រោងរួមចំណែកអភិវឌ្ឍន៍ វិស័យឯកជន តាមរយៈការជំរុញការវិនិយោគ។
ពិធីចុះMOUនេះ ធ្វើឡើងដោយមានតំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Hans-Juergen Cassens ប្រធានគម្រោង ICONE II នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ពិធីចុះហត្ថលេខានេះ មានការចូលរួមជាសាក្សីភាពដោយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងារ រួមទាំងក្រុមការងារ GIZ ICONE II, សរុបប្រមាណ ៥០ រូប ក្នុងឱកាសនៃការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោង ICONE II ។
យោងតាមការចុះផ្សាយរបស់CDC បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលទី ២ នេះគម្រោងមានទំហំទឹកប្រាក់សរុបប្រមាណ ៨ លានអ៊ឺរ៉ូ សម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២៦-២០៣០ ។ការណ៍នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ វិស័យឯកជន តាមរយៈការជំរុញការវិនិយោគ, ការលើកកម្ពស់ផលិតភាព, ការអភិវឌ្ឍ សហគ្រាសធុនមធ្យម និងធំ, ការបណ្តុះបណ្តាលសហគ្រិនភាព, ការបង្កើតកាលានុវត្តភាពសម្រាប់ពង្រឹងភាពជាដៃគូរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ជាពិសេសវិនិយោគិនអឺរ៉ុប, ការបង្កើនសមត្ថភាពនាំចេញ និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕