ភ្នំពេញ៖ ម្ហូបអាហារ បន្លែ ផ្លែឈើ ភាគច្រើនជាទំនិញដែលមាននៅក្នុងស្រុកស្រាប់ ហើយត្រូវបានយកធ្វើជាចង្ហាន់ទៅវត្ត ចំណែកផលិតផលក្រៀមដូចជា មី ធូប ទៀន ប្រេងកូឡា គ្រឿងទេស ទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួនទៀត ក៏មានតម្រូវការខ្ពស់ ខណៈតម្លៃទំនិញទាំងនេះក៏មិនមានការឡើងថ្លៃណាមួយគួរឱ្យកត់សម្គាល់ដែរ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០២៦នេះ។ នេះជាការលើកឡើងរបស់ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SMEs) បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ភាសាខ្មែរ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ឧកញ៉ា តែ តាំងប៉ បានលើកឡើងថា វិស័យSMEsនៅកម្ពុជា តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេច ហ៊ុន ម៉ាណែត ហើយវិស័យនេះបន្តមានកំណើនកាន់តែប្រសើរឡើងបន្ទាប់ពីមានបញ្ហាព្រំដែនជាមួយថៃរហូតមកទល់បច្ចុប្បន្ននេះ។ ជារួមប្រជាពលរដ្ឋកម្ពុជា មានឆន្ទៈគាំទ្រផលិតផលក្នុងស្រុក និងបន្តពហិការឈប់ប្រើប្រាស់ទំនិញថៃ ដែលជាហេតុធ្វើឱ្យទំនិញក្នុងស្រុកមានការកើនឡើង។
ទន្ទឹមនឹងនោះ ឧកញ៉ារូបនេះបន្ថែមថា ម្ចាស់រោងចក្រ សហគ្រាស នឹងបន្តបង្កើនសមត្ថភាពក្នុងការផលិតទំនិញ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារក្នុងស្រុក ជាមួយគុណភាព និងតម្លៃសមរម្យ ហើយអាចឈានដល់ការប្រកួតប្រជែងជាមួយទីផ្សារក្រៅស្រុកបាននាពេលអនាគត។
លោកបន្តថា ជាធម្មតាទេដែលវិស័យនីមួយៗតែងតែមានការរីកចម្រើន និងមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ជាក់ស្ដែងវិស័យ SMEsនៅកម្ពុជា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ តែមិនមានបញ្ហាធ្ងន់ធ្ងរដែលគួរឱ្យកត់សម្គាល់នោះទេ ហើយបញ្ហាប្រឈមទាំងនេះគឺត្រូវបានដោះស្រាយជាបន្តបន្ទាប់ដែរ។
ប្រធានសម្ព័ន្ធសមាគម SMEs រូបនេះ អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់ បន្តគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត ហើយម្ចាស់រោងចក្រ សហគ្រាសក្នុងស្រុកទាំងអស់ក៏ត្រូវពង្រឹងសមត្ថភាពក្នុងការផលិត ដើម្បីបំពេញតម្រូវការក្នុងស្រុកជាមួយទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ហើយអាចឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិនាពេលអនាគត៕