ភ្នំពេញ៖ ក្រុមហ៊ុន Newwave ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតថ្មីមួយនៅកម្ពុជា នាថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ បានចុះហត្ថលេខាព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី ដើម្បីជំរុញការផ្លាស់ប្តូរតាមបែបឌីជីថលតាមរយៈការនាំយកជំនាញបញ្ញាសិប្បនិម្មិត ព្រមទាំងកម្មវិធីកុំព្យូទ័ររបស់ Newwave ទៅដាក់អនុវត្តនៅ OCIC និងការបើកដំណើរការមន្ទីរពិសោធន៍នវានុវត្តន៍ថ្មីមួយនៅ Connextion។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលជាមួយនឹងកម្មវិធីពិភាក្សាអំពីបច្ចេកវិទ្យា (Tech Talk) ដែលដឹកនាំដោយលោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Newwave។
ក្រុមហ៊ុន Newwave ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ដើម្បីផ្តល់ជូននូវសេវាកម្ម AI និងកម្មវិធីកុំព្យូទ័រដល់អាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយ Canadia Impact Fund (CIFC) ដែលជាមូលនិធិវិនិយោគរបស់ កាណាឌីយ៉ា គ្រុប (Canadia Group) បានវិនិយោគលើ Newwave ក្នុងដំណាក់កាលចាប់ផ្តើមដំបូង កាលពីខែកញ្ញា ឆ្នាំ ២០២៦។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងនេះបានពង្រីកទៅជាភាពជាដៃគូផ្នែកប្រតិបត្តិការជាមួយ OCIC។
តាមរយៈភាពជាដៃគូនេះ Newwave នឹងធ្វើការដោយផ្ទាល់ជាមួយ OCIC ដើម្បីនាំយកជំនាញផ្នែក AI និងកម្មវិធីកុំព្យូទ័រ (software) របស់ខ្លួនមកអនុវត្តនៅក្នុងអាជីវកម្មនានារបស់ក្រុមហ៊ុន OCIC។ កិច្ចសហប្រតិបត្តិការនេះនឹងជួយឱ្យ OCIC សម្រួលដល់ដំណើរការការងារ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងតម្រូវការដែលមានការផ្លាស់ប្តូរពីអតិថិជន និងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងប្រតិបត្តិការការងារ។
ទន្ទឹមនឹងនេះ OCIC ក៏បានបើកដំណើរការ Innovation Lab ថ្មីមួយ ដែលគាំទ្រដោយ Newwave ដើម្បីអនុញ្ញាតឱ្យមានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី។ Innovation Lab របស់ Connexion Hub ជាមជ្ឈមណ្ឌលជាក់ស្តែងសម្រាប់ជំរុញនវានុវត្តន៍ ការសាកល្បង និងកិច្ចសហការរវាងសាជីវកម្ម និងក្រុមហ៊ុន ធុរកិច្ចថ្មី (Startup)។
Innovation Lab របស់ OCIC ដែលគាំទ្រដោយ Newwave ក៏នឹងផ្តល់នូវការជំរុញ AI សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ទីតាំងសម្រាប់ក្រុមហ៊ុន Startup អន្តរជាតិដែលមានបំណងចូលមកប្រកបអាជីវកម្មនៅកម្ពុជា កម្មវិធីនវានុវត្តន៍សម្រាប់សាជីវកម្ម ការបង្ហាញ និងសាកល្បងបច្ចេកវិទ្យា ការពិសោធន៍ AI និងការបច្ចេកវិទ្យាថ្មីៗ កិច្ចប្រជុំវិនិយោគិន និងក្រុមហ៊ុនធុរកិច្ចថ្មីផងដែរ។
ជាមួយគ្នានេះ វិស័យអាទិភាពដែលនឹងត្រូវសិក្សា និងសាកល្បងជាដំបូងនៅ Innovation Lab រួមមាន បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), សន្តិសុខសាយប័រ (Cybersecurity), ទីក្រុងឆ្លាតវៃ (Smart City), ប្រព័ន្ធដឹកជញ្ជូន និងការចល័ត (Mobility) ព្រមទាំងបច្ចេកវិទ្យាសម្រាប់វិស័យអចលនទ្រព្យ និងសំណង់។ Innovation Lap ក៏នឹងផ្តោតសំខាន់ទៅលើ ក្រុមហ៊ុនធុរកិច្ចថ្មី (Startups) ស្ថាបនិក សិស្ស-និស្សិត និងសហគ្រិន កម្មវិធីនេះមានគោលបំណងគាំទ្រគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់កម្ពុជាដូចគ្នា។
លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន Newwave នេះនឹងអនុញ្ញាតឱ្យក្រុមការងាររបស់យើងស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យា AI អាចជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងរបៀបដែលយើងអាចផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន។ នៅពេលដែលអាជីវកម្មរបស់យើងរីកចម្រើន ហើយការរំពឹងទុករបស់អតិថិជនមានការផ្លាស់ប្តូរឥតឈប់ឈរ យើងត្រូវការដៃគូដែលអាចជួយយើងឱ្យឆ្លើយតបបានលឿន និងសម្របខ្លួនទៅនឹងតម្រូវការរបស់ប្រជាជនវ័យក្មេងឫយុវវ័យជំនាន់ក្រោយ។ Newwave ផ្តល់ឱ្យយើងនូវវិធីសាស្ត្រជាក់ស្តែងក្នុងការនាំយក AI និងឧបករណ៍បច្ចេកវិទ្យាមកប្រើប្រាស់ ដើម្បីឱ្យក្រុមការងាររបស់យើងអាចផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន។»
សម្រាប់ក្រុមហ៊ុន OCIC កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល (digital transformation)។ ចំណែកឯក្រុមហ៊ុន Newwave នេះគឺជាឱកាសមួយដើម្បីអនុវត្តឧបករណ៍ AI របស់ខ្លួននៅក្នុងក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយរបស់កម្ពុជា និងជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើករណីប្រើប្រាស់ជាក់ស្តែង និងគម្រោងធំៗ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ Innovation Lab ចាប់ផ្តើមជាកន្លែងសម្រាប់មនុស្សជួបជុំ ចែករំលែកក្តីស្រមៃ និងការតភ្ជាប់។ នៅថ្ងៃអនាគត ទីកន្លែងនេះនឹងក្លាយជាកន្លែងមួយដែលអនាគតបច្ចេកវិទ្យារបស់កម្ពុជាត្រូវបានអភិវឌ្ឍ សាកល្បង និងពង្រីក៕