Swift cc time

សមាគមទេសចរណ៍អាស៊ែបៃហ្សង់ ចាប់អាម្មរណ៍ធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

រដ្ឋធានីបាគូ៖ សមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងឱកាសពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៥៣ ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ តាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ភា្ជប់ទំនាក់ទំនងជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា ដើម្បីឱ្យសមាគមទេសចរណ៍ទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នាឱកាសអមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់៕


Khcct banner

អត្ថបទទាក់ទង