Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា ដើម្បីជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងបាគូ៖ សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា ដើម្បីជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ វេទិកាធុរកិច្ចនេះ ជាឱកាសដ៏សំខាន់សម្រាប់ធុរជនកម្ពុជា និងអាស៊ែបៃហ្សង់ បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគរបស់ប្រទេសនីមួយៗ ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងពង្រឹងទំនាក់ទំនងរវាងវិស័យឯកជនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា អ៊ាន អេឡែន បានចូលរួម «វេទិកាធុរកិច្ចអាស៊ែបៃហ្សង់–កម្ពុជា» ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ។

វេទិកានេះ ត្រូវបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងស្ថាប័នរដ្ឋាភិបាល និងធុរជននៃប្រទេសទាំងពីរ។

វេទិកាធុរកិច្ចនេះ ជាឱកាសដ៏សំខាន់សម្រាប់ធុរជនកម្ពុជា និងអាស៊ែបៃហ្សង់ បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគរបស់ប្រទេសនីមួយៗ ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងពង្រឹងទំនាក់ទំនងរវាងវិស័យឯកជនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។

កិច្ចពិភាក្សាបានផ្តោតលើវិស័យអាទិភាពដែលមានសក្តានុពល រួមមាន ការបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផល និងការនាំចេញទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុប កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកានេះ បានរួមចំណែកពង្រឹងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ និងបង្កើតមូលដ្ឋានសម្រាប់ការស្វែងរកដៃគូធុរកិច្ច និងវិនិយោគថ្មីៗ ជាពិសេសលើវិស័យដែលមានសក្តានុពលសម្រាប់ការបំពេញឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា ប្ដេជ្ញានឹងបន្តគាំទ្រ និងជំរុញការតភ្ជាប់ធុរកិច្ចជាមួយដៃគូអន្តរជាតិ ដើម្បីបម្លែងការជួបពិភាក្សា និងទំនាក់ទំនងដែលបានបង្កើតឡើង ទៅជាភាពជាដៃគូ និងគម្រោងសហប្រតិបត្តិការជាក់ស្តែង ដែលអាចរួមចំណែកដល់ការពង្រីកពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់ឱ្យកាន់តែរឹងមាំ៕


Khcct banner

អត្ថបទទាក់ទង