Khmer suport khmer cc time

សេដ្ឋកិច្ចនាំចេញ-ចូលកម្ពុជាកើនជាង២០% តែការលក់រាយ-លក់ដុំនៅមូលដ្ឋានធ្លាក់ចុះប៉ះពាល់ពលរដ្ឋក្នុងវិស័យជាង៦០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហូ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៩ ខែឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនឡើងជាង ២១ ភាគរយ ក្នុងនោះកម្ពុជាមាននាំចេញសរុបមានចំនួនជាង ២៧ ពាន់លានដុល្លារ កើនឡើង ២១ ភាគរយ និងការនាំចូលពីបរទេសកមកម្ពុជា មានទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារ កើនជាង ២១ ភាគរយ។តែវិស័យ លក់រាយ-លក់ដុំ នៅមូលដ្ឋាន បានធ្លាក់ចុះ នាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងវិស័យនេះប្រមាណជាង ៦០ភាគរយ។ការប៉ះពាល់នេះ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ដោយសារ អត្រាអតិផរណាកើនដោយសារថ្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់ ក្នុងបរិបទ​សង្គ្រាមនៅមជ្ឈិមបូព៌ា បញ្ហាព្រំដែនខ្មែរ-ថៃ និង ការបោសសម្អាតអនឡាញស្គេម (online scams)។

ផ្តើមចេញពីលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត បានមើលឃើញសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ហាក់ដូចជាចែកចេញជាពីរក្រុម៖ ក្រុមឧស្សាហកម្មផលិតសម្រាប់នាំចេញ បានកើនឡើង។ចំណែកមួយក្រុមទៀតគឺសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក សំដៅលើចំណូលដែលមានភាពថមថយនៅឡើយ។ 

ការថមថយផ្នែកសេដ្ឋកិច្ចរបស់ប្រជាលរដ្ឋ គឺលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថា កើតឡើងពីបញ្ហាជាច្រើនដូចជា បញ្ហាព្រំដែនកម្ពុជា-ថៃ វិបត្តិប្រេងឡើងថ្លៃ នាំឱ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភជាច្រើន សន្សំលុយទុក ជាជាងការចំណាយ ដែលធ្វើឱ្យវិស័យលក់ដុំ-លក់រាយមានការថយចុះ ខណៈវិស័យនេះកំពុងគ្របដណ្ដប់លើប្រជាពលរដ្ឋប្រមាណជាង ៦០% ដែលរស់នៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

បញ្ហាប្រឈមមួយទៀត គឺការបង្ក្រាបអនឡាញស្គេម (online scams) បានផ្ដល់ផលប៉ះពាល់មួយចំនួនដល់អ្នកដែលទទួលផលផ្ទាល់ពីក្រុមស្គេម ដូចជា ការជួលអគារ អ្នកធ្វើការ ម្ចាស់ផ្ទះជួល ដែលធ្វើឱ្យបាត់បង់ចំណូល ហើយប៉ះពាល់ដល់អ្នកប្រកបអាជីវកម្មក្បែរតំបន់ស្គេមនេះដូចគ្នា។

ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា មើលឃើញថា សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ គឺមិនមានការប៉ះពាល់ខ្លាំងទេ ហើយអ្នកដែលធ្លាក់ចុះចំណូលអាចដោយសារប្រជាពលរដ្ឋដែលទទួលបានផលប្រយោជនពីក្រុមអនឡាញស្គេម (online scams)។

អ្នកឧកញ៉ា លឹម ហេង បានអះអាងថា បច្ចុប្បន្នដំណើរការសេដ្ឋកិច្ចនាំចេញ-ចូលរបស់កម្ពុជា នៅរយៈពេល៩ខែក្នុងឆ្នាំ២០២៦នេះ គឺល្អដោយកើនឡើងជាង ២០ភាគរយ។បច្ចុប្បន្ននេះ អ្នកដែលមានបញ្ហាប្រឈមខ្លាំងផ្នែកសេដ្ឋកិច្ចនោះគឺអ្នកដែលធ្លាប់ទទួលបានផលប្រយោជន៍ផ្ទាល់ពីក្រុមស្គេម និងអ្នកទទួលប្រយោជន៍ដោយប្រយោល គឺមិនមានផលប៉ះពាល់ខ្លាំងណាមួយដល់សេដ្ឋកិច្ចកម្ពុជានោះឡើយ។

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវ និងជាអ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅ រាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញស្រដៀងគ្នាជាមួយអ្នកជំនាញខាងលើសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នដែលជួបនូវបញ្ហាមួយចំនួន ជាពិសេស អត្រាអតិផរណាកើនដោយសារថ្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់ បញ្ហាព្រំដែនខ្មែរ-ថៃ និង ការបោសសម្អាតអនឡាញស្គេម (online scams)។

លោកស្រីបណ្ឌិត ព្រុំ ទេវី បានរីករាយនៅពេលថៃបិទព្រំដែនដោយឯកតោភាគី ហើយផ្តល់ឱកាសដល់ទំនិញក្នុងស្រុកវាយចូលទីផ្សារជាតិ និងអន្តរជាតិ ហើយសេដ្ឋកិច្ចនាំចេញ-នាំចូលកើនឡើងល្អ។លោកស្រីទទួលស្គាល់ថា សេដ្ឋកិច្ចមូលដ្ឋានការលក់រាយ-លក់ដុំ ប៉ះពាល់ ហើយការប៉ះពាល់នេះ គឺដោយសាររាជរដ្ឋាភិបាលកម្ពុជាសំអាត Online Scams នាំឱ្យប្រជាពលរដ្ឋដែលធ្លាប់ទទួលបានផលនេះ បាត់បង់ចំណូលដូចជា៖ អ្នកលក់ដូរ អ្នកដឹកជញ្ជូន អ្នកជូលផ្ទះ ជាដើម។

យោងតាមការព្យាកររបស់ធនាគារជាតិកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ជាភាសាអង់គ្លេស ADB ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៦នេះនឹងថមថយល្បឿនមកត្រឹម ៣,៩% ដោយសារអត្រាអតិផរណាបានកើនដល់ទៅ ៤,៩% ដោយសារថ្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់ ក្នុងបរិបទ​សង្គ្រាមនៅមជ្ឈិមបូព៌ា ការអូសបន្លាយនៃបញ្ហាព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ពីបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បញ្ហាទាំងនេះ បាននាំឱ្យការថយចុះចំនួនភ្ញៀវទេសចរណ៍ ជះផលប៉ះពាល់ដល់សេវាកម្មពាក់ព័ន្ធផ្សេងទៀត រួមមានពាណិជ្ជកម្ម ការដឹកជញ្ជូន បដិសណ្ឋារកិច្ច និងអាជីវកម្មលក់រាយជាដើម។តែសម្រាប់ឆ្នាំ២០២៧ សេដ្ឋកិច្ចកម្ពុជារំពឹងអាចនឹងស្ទុះឡើងដល់ ៤,៧% ដោយមានកំណើននៃការនាំចេញផលិតផលឧស្សាហកម្ម ការធ្វើពិពិធកម្មការនាំចេញ និងលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស(FDI)៕

Khcct banner

អត្ថបទទាក់ទង