ភ្នំពេញ៖ តំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបញ្ជាក់ពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ហើយក្រុមហ៊ុននឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្តនៅចុងឆ្នាំ២០២៦នេះ ដោយសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC។
ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកឡើងអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្តនៅចុងឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Toyota Tsusho’s Manufacturing (Cambodia) CO., Ltd. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
បន្ថែមលើនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងការកែសម្រួលគោលនយោបាយលើកទឹកចិត្ត និងការលើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងការផលិតគ្រឿងបង្គុំដើម្បីផ្គត់ផ្គងដល់គម្រោងដំឡើងរថយន្តនៅកម្ពុជា៕