ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ ដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ ស្របពេលជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ៤៦១ ៨៤៨ ករណី ដែលរួមមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០៥ ១៨៦ ករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨៣ ៦១៤ ករណី, ជំងឺគ្រុនឈាមចំនួន ២៥ ៤៦០ ករណី, វះកាត់ទូទៅចំនួន ១០ ៤៣២ ករណី, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួន ៣១ ០៦៤ ករណី និងសម្រាលកូនចំនួន ៥ ៧៧៣ នាក់ ជាមួយនឹងចំណាយសរុបសមមូលនឹងចំនួនប្រមាណ ១៣ ៥៦៦ ៨៨៣ ដុល្លារអាម៉េរិក។
សម្រាប់សាធារណជនដែលមានទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, អាចចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ៖ ០៦១ ៧០ ១១១១ / ០១០ ៥៣៤ ៦៦៦៕