Khmer suport khmer cc time

កម្ពុជាបំបែកកំណត់ត្រានាំចេញ«អង្ករ»ជាង១លានតោន ខណៈចិន និងអឺរ៉ុបជាអ្នកទិញដ៏សំខាន់ ហើយហ្វីលីពីន ក្លាយជាអ្នកទិញអង្ករកម្ពុជាធំជាងគេនៅអាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនកន្លងទៅ។

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ជាង១លានតោន ពោលគឺចំនួន ១ ០១៤ ៤៤២ តោន។ចំនួននេះ គឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។ប្រទេសចិន និងសហភាពអឺរ៉ុប នៅតែជាអ្នកទិញដ៏សំខាន់របស់កម្ពុជា ខណៈប្រទេសហ្វីលីពីន បានក្លាយជាអ្នកទិញអង្ករកម្ពុជាដ៏ធំ ក្នុងតំបន់អាស៊ាន។

យោងតាមស្ថិតិចុងក្រោយពីក្រសួងកសិកម្មកម្ពុជា ការនាំចេញអង្ករសរុបរបស់កម្ពុជាបានកើនដល់ ១.០១៤.៤៤២ តោន គិតត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦ដោយក្នុងត្រីមាសទី១ កម្ពុជានាំចេញអង្ករបាន ៣៦១.៥៧៨ តោន, ត្រីមាសទី ២ នាំចេញបាន  ២៦៨.៧៤១ តោន, ត្រីមាសទី ៣ នាំចេញបានចំនួន ៣០២.៦៣៣ តោន និងចំនួន ៨១.៤៩០ តោនទៀត នាំចេញចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែតុលា។

ក្នុងតំបន់អាស៊ាន កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៥.៥៧៩ តោន។ក្នុងនោះ ហ្វីលីពីនបានទិញអង្ករចំនួន ១៩១ ៥៤២ តោន ដែលស្មើនឹង ១៨,៩% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកទិញអង្ករកម្ពុជាធំជាងគេនៅក្នុងតំបន់អាស៊ាន តាមពីក្រោយដោយវៀតណាម និងម៉ាឡេស៊ី។

ចំណែកចិន នៅតែជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់អង្ករកម្ពុជា។គិតត្រឹមថ្ងៃទី ១៩ ខែតុលា កម្ពុជានាំចេញអង្ករសរុបចំនួន ១៩៧.៥៨៥ តោន ទៅកាន់ប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ។រីឯកសហភាពអឺរ៉ុបវិញ នាំចូលអង្ករពីកម្ពុជាសរុបចំនួន ២៣៩, ៨១៧ តោន។ការនាំចូលពីទីផ្សារអន្តរជាតិផ្សេងទៀតមានចំនួនសរុប ១២១ ៤៦១ តោន ដែលស្មើនឹងប្រហែល ១២%។

ប្រភេទអង្ករដែលកម្ពុជានាំចេញ គឺ«អង្ករក្រអូប»នៅតែជាប្រភេទនាំមុខគេ ដោយមានបរិមាណនាំចេញសរុបចំនួន ៥៥៤ ៨៧៨ តោន ស្មើនឹង ៥៤,៧% នៃបរិមាណនាំចេញសរុប។អង្ករសគ្រាប់វែង មានចំនួន ២៨០ ៥៨០ តោន ខណៈដែលអង្ករចំហុយគ្រាប់វែង ចំនួន ១៦,៥០៣ តោន៕

Khcct banner

អត្ថបទទាក់ទង