Khmer suport khmer cc time

ក្រុមហ៊ុន និងសហគ្រាសកម្ពុជាចំនួន១៦ ដាក់តាំងផលិតផល«កសិផលសក្តានុពលកម្ពុជា»ជាច្រើនមុខ ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

រដ្ឋធានីប៉ារីស៖ ក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ បាននាំយកនូវផលិតផល«កសិផលសក្តានុពលកម្ពុជា»ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ មកដាក់តាំងបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ផលិតផលកសិផលសក្តានុពលរបស់កម្ពុជាដែលត្រូវបានដាក់តាំងបង្ហាញរួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមសេចក្ដីប្រកាស លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទៅទស្សនកិច្ចនូវស្តង់ពន្លាជាតិកម្ពុជា (Cambodia Pavilion) ដែលមានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំយកនូវបណ្តាក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ ដោយផ្តោតសំខាន់លើកសិផលសក្តានុពលកម្ពុជាដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិមកដាក់តាំងបង្ហាញ រួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានេះ រដ្ឋមន្រ្តីនៃក្រសួងទាំងពីរ ក៏បានបន្តទស្សនកិច្ចស្តង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានចំនួន ១២ក្រុមហ៊ុន ជាមួយនឹងការដាក់តាំងបង្ហាញស្រូវ-អង្ករកម្ពុជា ដែលបាននិងកំពុងលក់ចែកចាយនៅក្នុងទីផ្សារបារាំង អឺរ៉ុប អាមេរិក និងទីផ្សារអន្តរជាតិផ្សេងៗទៀត។

ជាចុងក្រោយ រដ្ឋមន្រ្តីនៃក្រសួងទាំងពីរក៏បានជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិស័យឯកជន និងបានជំរុញលើកទឹកចិត្តក្នុងការបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ មានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ ជាពិសេសទទួលបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនបរទេស មកទស្សនាស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដោយផ្ទាល់ក្នុងតាំងពិព័រណ៍នេះផងដែរ៕


Khcct banner

អត្ថបទទាក់ទង