ចិន៖ មហាសេដ្ឋីចិន ជែក ម៉ា(Jack Ma) នៅថ្ងៃទី ២០ ខែមករានេះ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងតាមប្រព័ន្ធវីដេអូ បន្ទាប់ពីរូបលោក បានបាត់ខ្លួនអស់រយៈពេលជាងពីរខែមក។
នៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ជែកម៉ា បានជួប“គ្រូជនបទ”ចំនួន ១០០ នាក់នៅទូទាំងប្រទេសចិន តាមរយៈកម្មវិធីជួបជុំមួយតាមប្រព័ន្ធវេដេអូ។ក្នុងជំនួបនោះ មហាសេដ្ឋីចិនជែកម៉ា បាននិយាយថា “ នៅពេលការរីករាលនៃជំងឺកូវីដ-១៩ចប់ យើងនឹងជួបគ្នាម្តងទៀត!”
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលជែកម៉ាបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពី“បាត់ខ្លួន”អស់រយៈពេលជាងពីរខែមក។
បន្ទាប់មក ក្រុមហ៊ុន Alibaba បានបង្ហោះព័ត៌មានក្នុងវេបសាយរបស់ខ្លួនថា “ក្នុងពិធីបុណ្យ La Ba(Laba Festival) មានការណាត់ជួបជាមួយលោកគ្រូអ្នកគ្រូពេលនេះ លោកគ្រូជែកម៉ាបានមកតាមការណាត់ហើយ។”
យោងតាមអ្នកទទួលបន្ទុកមូលនិធិសប្បុរសធម៍ជែកម៉ាបាននិយាយថា៖ ចាប់តាំងពីឆ្នាំ ២០១៥ មូលនិធិបានរៀបចំពិធីប្រគល់ពានរង្វាន់ជូនលោកគ្រូអ្នកគ្រូនៅជនបទជារៀងរាល់ឆ្នាំ នៅទីក្រុងសានយ៉ាខេត្តហៃណាំប្រទេសចិន។សម្រាប់ជែកម៉ាមិនថារវល់យ៉ាងណាក៏ដោយ នៅតែឆ្លៀតចូលរួមកម្មវិធី ដើម្បីប្រគល់រង្វាន់ដល់គ្រូជនបទ និងនាយកសាលាដែលទទួលបានពានរង្វាន់។