Swift cc time

ក្រុងហូជីមិញ ត្រៀមទុន ២០ ពាន់លានដុល្លារ ដោះស្រាយបញ្ហា«ស្ទះចរាចរណ៍ជិត ៣០ កន្លែង» និងពង្រីកបណ្តាញរថភ្លើងក្រោមដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហូជីមិញ៖ រដ្ឋបាលក្រុងហូជីមិញ បានប្រកាសដាក់ចេញនូវផែនការហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកទ្រង់ទ្រាយធំសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីដោះស្រាយចំណុចកកស្ទះចរាចរណ៍ខ្លាំង ចំនួន ២៨ កន្លែង នៅក្នុងទីក្រុង ក្រោមទុនវិនិយោគសរុបប្រមាណ ៥០០ ទ្រីលានដុង (ប្រហែល ១៩.២៩ ពាន់លានដុល្លារ) នេះបើយោងតាមការលើកឡើងរបស់លោក Tran Quang Lam នាយកមន្ទីរសំណង់ ក្នុងកម្មវិធី «ប្រជាពលរដ្ឋសួរ  រដ្ឋាភិបាលឆ្លើយ» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

យោងតាមការចេញផ្សាយរបស់កាសែត VN Express ផ្អែកតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២៦-២០៣០ ថវិកាប្រមាណ ២០០ ទ្រីលានដុង(៧.៧២ពាន់លានដុល្លារ) ត្រូវបានត្រៀមសម្រាប់គម្រោងផ្លូវថ្នល់ចំនួន ៩៨ ដើម្បីលុបបំបាត់តំបន់កកស្ទះខ្លាំង ដូចជាផ្លូវប្រសព្វ My Thuy, An Phu, ផ្លូវជាតិលេខ១៣ និងស្ពាន-ផ្លូវ Nguyen Khoai រួមជាមួយនឹងថវិកា ១២០ ទ្រីលានដុង(៤.៦៣ពាន់លានដុល្លារ)សម្រាប់គម្រោងតភ្ជាប់តំបន់ និង ៥០ ទ្រីលានដុង(១.៩៣ពាន់លានដុល្លារ)ទៀតសម្រាប់ដោះស្រាយបញ្ហាទឹកជំនន់។

អាជ្ញាធរក្រុងហូជីមិញ បានបញ្ជាក់ថា ការដោះស្រាយផ្លូវថ្នល់តែមួយមុខមិនអាចទ្រទ្រង់ទីក្រុងដែលមានប្រជាជនរហូតដល់ ១៤ លាននាក់ និងអាចកើនដល់ ២៥ លាននាក់នាពេលអនាគត បានឡើយ។ ដូច្នេះដំណោះស្រាយយូរអង្វែង គឺការជំរុញគម្រោងពង្រីកបណ្តាញរថភ្លើងក្រោមដី (Metro) ឱ្យបាន ២៥៥ គីឡូម៉ែត្រត្រឹមឆ្នាំ២០៣០ និងឈានដល់ ១,៥០០ គីឡូម៉ែត្រតាមផែនការមេ ដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងដ៏ធំមួយនេះ៕

Khcct banner

អត្ថបទទាក់ទង