ឥណ្ឌា៖ អ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់ និងចលនាយុវជន «Cockroach Janta Party» (CJP) បានធ្វើការដើរដង្ហែឆ្ពោះទៅកាន់តុលាការកំពូលរបស់ប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី ក្រោមការដឹកនាំរបស់លោក Rahul Gandhi ប្រធានគណបក្ស Congress និងជាមេដឹកនាំគណបក្សប្រឆាំងក្នុងសភាជាន់ទាប ដើម្បីទាមទារឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Gyanesh Kumar លាលែងពីតំណែង។ ការតវ៉ានេះកើតឡើងជាបន្តបន្ទាប់ក្នុងគោលបំណងប្រឆាំងនឹងការកែសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោតដ៏ធំមួយ ដែលត្រូវបានក្រុមអ្នករិះគន់អះអាងថា បានលុបឈ្មោះប្រជាពលរដ្ឋជាង ១៣៣ លាននាក់ចេញ និងផ្តល់ផលប្រយោជន៍ដល់គណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ព្រមទាំងធ្វើឱ្យក្រុមជនជាតិភាគតិច ជាពិសេសជនមូស្លីម បាត់បង់សិទ្ធិបោះឆ្នោត។
អាជ្ញាធរឥណ្ឌាបានដាក់ពង្រាយកងកម្លាំងប៉ូលិស និងសន្តិសុខរាប់ពាន់នាក់នៅទូទាំងតំបន់កណ្តាលនៃទីក្រុងញូវដេលី ព្រមទាំងបានបិទស្ថានីយរថភ្លើងក្រោមដីចំនួន ៦ កន្លែង និងដំឡើងរបាំងដែកដ៏រឹងមាំដើម្បីរារាំងអ្នកតវ៉ា។ការប៉ះទង្គិចគ្នានិងការបង្ក្រាបបានកើតឡើង ដែលបណ្តាលឱ្យមានការឃាត់ខ្លួនអ្នកតវ៉ារាប់ពាន់នាក់ ក៏ដូចជាការរាយការណ៍ពីការប្រើប្រាស់អំពើហិង្សាលើមន្ត្រីសភាខ្លះ និងការឃាត់ខ្លួនអ្នកសារព័ត៌មានយ៉ាងហោចណាស់ ១៦ នាក់យ៉ាងឃោរឃៅ ពីសំណាក់កងកម្លាំងសន្តិសុខ ខណៈដែលពួកគេកំពុងចុះយកព័ត៌មាន។
អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិបានអះអាងថា «អ្នកសារព័ត៌មានគ្មានព្រំដែន» បានចេញមុខប្រឆាំងនឹងសកម្មភាពនេះ ដោយចាត់ទុកថាការរារាំងនិងការឃាត់ខ្លួនអ្នកសារព័ត៌មានគឺជាការមិនអាចទទួលយកបាន។ មេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi បានប្តេជ្ញាចិត្តថានឹងមិនដកថយ ឬភ័យខ្លាចឡើយ ដោយបានប្រកាសបន្តដឹកនាំការតស៊ូនរ៉ូនេះតទៅទៀត។
គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌា (ECI) បានចេញមុខបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាវិធានការកែសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ គឺធ្វើឡើងក្នុងគោលបំណងត្រឹមត្រូវដើម្បីលុបចោលឈ្មោះដែលស្ទួន អ្នកដែលបានស្លាប់ និងឈ្មោះដែលបានចុះបញ្ជីដោយការក្លែងបន្លំតែប៉ុណ្ណោះ៕