Swift cc time

គីមជុងអ៊ុន បង្ហាញមីស៊ីលបាញ់ដល់អាម៉េរិក ខណៈលោកត្រាំថាអាចនឹងមានជំនួបជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក គីមជុងអ៊ុន រួមជាមួយកូនស្រីរបស់លោកគីម ជូ អេ (Ju Ae) និងភរិយាឈ្មោះ រី សុលជូ (Ri Sol Ju)

ព្យុងយ៉ាង៖ លោក គីមជុងអ៊ុន រួមជាមួយកូនស្រីរបស់លោកគីម ជូ អេ (Ju Ae) និងភរិយាឈ្មោះ រី សុលជូ (Ri Sol Ju) បានចូលរួមក្នុងពិធីសម្ពោធសារមន្ទីរបដិវត្តន៍ការពារជាតិ (Defence Revolution Museum) ដែលទើបបើកថ្មីកាលពីថ្ងៃអាទិត្យ។ រូបថតរបស់ KCNA បានបង្ហាញថា សារមន្ទីរនេះបានដាក់តាំងបង្ហាញអាវុធដែលត្រូវបានអភិវឌ្ឍក្រោមការដឹកនាំរបស់លោក គីម ចាប់ពីយន្តហោះគ្មានមនុស្សបើក (drones) រហូតដល់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-20 ដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាម៉េរិក។ សេចក្តីរាយការណ៍នេះបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា លោកអាចនឹងជួបជាមួយលោក គីម ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីដែលបានគ្រោងទុក។ លោក ត្រាំ ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសចិនក្នុងពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។

មីស៊ីលបាលីស្ទីកបែបយុទ្ធសាស្ត្រមួយត្រូវបានបាញ់បង្ហោះក្នុងអំឡុងពេលធ្វើតេស្តនៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ នៅក្នុងរូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA

បើតាមលោក Shin Jong-woo អគ្គលេខាធិការនៃវេទិកាការពារជាតិ និងសន្តិសុខកូរ៉េ (Korea Defence and Security Forum) បានចាត់ទុកការដាក់តាំងបង្ហាញនៅពីមុខឧបករណ៍បាញ់មីស៊ីល Hwasong-20 ហាក់ដូចជាបង្ហាញពីការរចនាមីស៊ីលដែលមានក្បាលគ្រាប់ច្រើន និងផែនទីពិភពលោកដែលបង្ហាញពីរយៈចម្ងាយបាញ់ដែលអាចទៅដល់តំបន់នានា ចាប់ពីដីគោករបស់សហរដ្ឋអាម៉េរិក រហូតដល់មជ្ឈិមបូព៌ា អូស្ត្រាលី និងអាម៉េរិកខាងត្បូងជាដើម។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរបស់លោក  គីម ជូអេ បានចូលរួមក្នុងពិធីសម្ពោធសារមន្ទីរបដិវត្តន៍ការពារជាតិរបស់គណៈកម្មាធិការសេដ្ឋកិច្ចទី ២ នៃប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៦ នៅក្នុងរូបភាពដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA)

ចំណែកលោក Lim Eul-chul សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអាស៊ីបូព៌ាឆ្ងាយ (Institute for Far Eastern Studies) នៃសាកលវិទ្យាល័យ Kyungnam បានមានប្រសាសន៍ថា៖ «តាមរយៈការប្រែក្លាយការតាំងបង្ហាញអាវុធដែលធ្លាប់តែធ្វើឡើងជាបណ្តោះអាសន្ន ឱ្យទៅជាសារមន្ទីរអចិន្ត្រៃយ៍ លោក គីម កំពុងធ្វើស្ថាប័នូបនីយកម្ម (institutionalizing) លើសមិទ្ធផលយោធារបស់លោក និងបង្ហាញពីការកសាងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ថាជាកេរដំណែលដ៏រឹងមាំ និងស្ថិតស្ថេរមួយដែលមិនអាចខ្វះបាន»។


Khcct banner

អត្ថបទទាក់ទង