Swift cc time

ទីក្រុង Hulunbuir របស់ចិនជាប់ព្រំដែនរុស្ស៊ី ចេញការព្រមានក្រោយផ្ទុះការស្លាប់ពាក់ព័ន្ធជំងឺប៉េស្តសួត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ទីក្រុង Hulunbuir ដែលស្ថិតនៅក្នុងតំបន់ស្វយ័ត Inner Mongolia របស់ប្រទេសចិន និងមានព្រំដែនជាប់នឹងតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី បានចេញសេចក្តីជូនដំណឹងអំពីការបង្ការហានិភ័យនៃជំងឺប៉េស្ត បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីស្លាប់មួយដែលសង្ស័យថាពាក់ព័ន្ធនឹងជំងឺប៉េស្តនៅក្នុងប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ។ ការជូនដំណឹងអំពីហានិភ័យចុងក្រោយនេះត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃទីក្រុង Hulunbuir និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យនៅលើ "Benteng Media" ដែលជាគណនី WeChat ផ្លូវការរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ Inner Mongolia។

បើតាមការបញ្ជាក់របស់ Global Times សេចក្តីជូនដំណឹងសុវត្ថិភាពនោះបានបញ្ជាក់ថា៖ «សេចក្តីរាយការណ៍អំពីការស្លាប់របស់បុគ្គលិកម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងជំងឺប៉េស្ត Irkutsk របស់ប្រទេសរុស្ស៊ី ដោយសារជំងឺរលាកសួតដែលមិនអាចពន្យល់បាន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ។ មូលហេតុពិតប្រាកដនៃហេតុការណ៍នេះមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការចុងក្រោយនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែលក្ខណៈនៃស្ថាប័នពាក់ព័ន្ធ និងស្ថានភាពធម្មជាតិនៃតំបន់នោះដែលមានវត្តមានជំងឺប៉េស្តស្រាប់ ហេតុការណ៍នេះបានបង្កឱ្យមានការពិភាក្សាអំពីហានិភ័យដែលអាចកើតមានចំពោះសុខភាពសាធារណៈ»។

យោងតាម CDC នៃទីក្រុង Hulunbuir ទីក្រុងនេះមិនបានកត់ត្រាករណីជំងឺប៉េស្តលើមនុស្សណាមួយឡើយចាប់តាំងពីឆ្នាំ ១៩២៧ មក។ ការតាមដានជំងឺប៉េស្តជាប្រចាំដែលធ្វើឡើងដោយ CDC ក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបានរកឃើញការផ្ទុះឡើងនៃជំងឺប៉េស្តក្នុងចំណោមសត្វកកេរនោះទេ។ ការវាយតម្លៃហានិភ័យយ៉ាងទូលំទូលាយបានបញ្ជាក់ថា លទ្ធភាពនៃការផ្ទុះឡើងនៃជំងឺប៉េស្តនៅក្នុងតំបន់នៅតែមានកម្រិតទាប។

CDC បានបញ្ជាក់ថាទីក្រុង Hulunbuir គឺជាតំបន់ដែលមានវត្តមានជំងឺប៉េស្តតាមបែបធម្មជាតិជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសចិន។ តំបន់នេះមានព្រំដែនជាប់នឹងតំបន់ចុងបូព៌ារបស់រុស្ស៊ី និងមានការធ្វើដំណើរឆ្លងកាត់ព្រំដែនញឹកញាប់ ដែលបង្កជាហានិភ័យលាក់កំបាំងចំពោះសុខភាពសាធារណៈ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់បានណែនាំដល់អ្នកដំណើរដែលមកពីតំបន់ដែលមានជំងឺប៉េស្តរាតត្បាតនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ឱ្យតាមដានស្ថានភាពសុខភាពរាងកាយរបស់ពួកគេយ៉ាងដិតដល់។ អ្នកដែលមានរោគសញ្ញាសង្ស័យថាជាជំងឺប៉េស្ត តម្រូវឱ្យស្វែងរកការព្យាបាលផ្នែកវេជ្ជសាស្ត្រជាបន្ទាន់នៅតាមស្ថាប័នសុខាភិបាលក្បែរនោះ និងត្រូវរាយការណ៍ដោយស្មោះត្រង់អំពីប្រវត្តិធ្វើដំណើររបស់ពួកគេទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយជំងឺប៉េស្ត ដើម្បីជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា។

គួររម្លឹកថាកញ្ញា Daria Shupilova ដែលជាអ្នកស្រាវជ្រាវវ័យ ២៨ ឆ្នាំធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត (Anti-Plague Research Institute) ក្នុងទីក្រុង Irkutsk តំបន់ Siberia បានធ្វើឱ្យបែកដោយចៃដន្យនូវបំពង់ពិសោធន៍មួយដែលមានផ្ទុកបាក់តេរី *Yersinia pestis* (ដែលជាភ្នាក់ងារបង្កជំងឺប៉េស្តប្រភេទ pneumonic plague) នៅឯវិទ្យាស្ថាននោះ កាលពីថ្ងៃទី ២៥ ខែកញ្ញា។ ក្រោយមក សុខភាពរបស់នាងបានធ្លាក់ចុះ ហើយនាងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក Shelekhov នៅថ្ងៃទី ២៩ ខែកញ្ញា មុនពេលទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី ២ ខែតុលា៕

Khcct banner

អត្ថបទទាក់ទង