វៀងចន្ទន៍៖ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ផាន វ៉ាន់យ៉ាង (Phan Văn Giang) និង រដ្ឋមន្ត្រីការពារជាតិឡាវ លោក ខាំលៀង អ៊ូថាកៃសន (Khamlieng Outhakaysone) នាថ្ងៃ០៨ តុលានេះ បានជួបពិភាក្សាការងារទ្វេភាគីនៅរដ្ឋធានីវៀងចន្ទន៍ ដើម្បីពង្រឹង «ភាពស្អិតរមួតតាមបែបយុទ្ធសាស្ត្រ» លើកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Lê Minh Hưng នៅប្រទេសឡាវ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៦ និងបានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការសកម្មភាពឆ្នាំ២០២៧ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាល និងវិស័យវេជ្ជសាស្ត្រយោធា។
តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម កងទ័ពនៃប្រទេសទាំងពីរនឹងរួមគ្នារៀបចំសកម្មភាពផ្សេងៗ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត (១៩៦២-២០២៧) និងខួប ៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ (១៩៧៧-២០២៧)។
ជាចុងក្រោយ លោក ផាន វ៉ាន់យ៉ាង បានថ្លែងអញ្ជើញរដ្ឋមន្ត្រីការពារជាតិឡាវ ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបីរួមមាន វៀតណាម កម្ពុជា និងឡាវ ព្រមទាំងចូលរួមទស្សនាសមយុទ្ធការពារស៊ីវិលរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី ដើម្បីឆ្លើយតបទៅនឹងវិបត្តិគ្រោះមហន្តរាយធម្មជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕