Swift cc time

កុមារអាម៉េរិក ៧០លាននាក់ចុះឈ្មោះក្នុងកម្មវិធី «Trump Accounts» ទទួលលុយក្នុងកុងម្នាក់ ១ពាន់ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការចុះឈ្មោះកុមារអាម៉េរិកចំនួន ៧០ លាននាក់ចូលទៅក្នុងកម្មវិធីគណនីវិនិយោគពិសេស «Trump Accounts» ដែលលោកចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដើម្បីធានាឱ្យកុមារអាម៉េរិកគ្រប់រូបមានឱកាសស្មើគ្នាក្នុងការសម្រេចបាននូវក្តីសុបិនរបស់ពួកគេនាថ្ងៃអនាគត។

តាមការបញ្ជាក់ពីសេតវិមាន ចាប់ពីថ្ងៃទី ១ ខែតុលា ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបញ្ចប់ការចុះឈ្មោះដោយស្វ័យប្រវត្តិនូវកុមារអាយុក្រោម ១៨ ឆ្នាំចំនួន ៦០ លាននាក់ បន្ថែមលើកុមារ ១០ លាននាក់ទៀតដែលឪពុកម្តាយបានចុះឈ្មោះស្ម័គ្រចិត្តមុននេះ ចាប់តាំងពីកម្មវិធីដាក់ឱ្យដំណើរការផ្លូវការកាលពីថ្ងៃទី ៤ ខែកក្កដា។ គំនិតផ្តួចផ្តើមនេះទទួលបានថវិកាវិនិយោគសរុបប្រមាណ ២,២ ពាន់លានដុល្លាររួចហើយ ជាមួយនឹងការចូលរួមឧបត្ថម្ភពីសប្បុរសជន និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Uber, Nvidia, BNY, Robinhood និងនាយកប្រតិបត្តិក្រុមហ៊ុន Dell ជាដើម។

យោងតាមគោលការណ៍នៃកម្មវិធី ក្រសួងហិរញ្ញវត្ថុនឹងផ្តល់ប្រាក់វិនិយោគដំបូងចំនួន ១,០០០ ដុល្លារសម្រាប់កុមារម្នាក់ៗដែលកើតចន្លោះពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៨ ខណៈកុមារដែលកើតក្រៅពីចន្លោះពេលនេះ នៅតែអាចទទួលប្រាក់បញ្ញើពីគ្រួសារ ឬក្រុមហ៊ុនឯកជនបាន ហើយប្រាក់នៅក្នុងគណនីទាំងនេះនឹងត្រូវរក្សាទុកដើម្បីបង្កើនផលចំណេញ រហូតដល់កុមារមានអាយុ ១៨ ឆ្នាំ ទើបពួកគេមានសិទ្ធិដកយកទៅប្រើប្រាស់សម្រាប់គោលបំណងកំណត់ជាក់លាក់ដូចជា ការបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬការទិញផ្ទះជាដើម៕

Khcct banner

អត្ថបទទាក់ទង