ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ បានជំរុញឱ្យប្រទេសរុស្ស៊ីផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ពាក់ព័ន្ធនឹងការស្លាប់របស់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់នៅតំបន់ស៊ីបេរី កាលពីថ្ងៃទី ២ ខែតុលា ខណៈករណីនេះបានបង្កឱ្យមានការព្រួយបារម្ភជាសកលថាតើវាជាការផ្ទុះឡើងនៃជំងឺប៉េស្តប្រភេទប៉ះពាល់សួត (Pneumonic Plague) ដែរឬយ៉ាងណា។ លោកស្រី Maria Van Kerkhove នាយិកាផ្នែកគ្រប់គ្រងជំងឺរាតត្បាតរបស់ WHO បានថ្លែងថា ស្ថាប័នសុខភាពអន្តរជាតិមួយនេះនៅមិនទាន់ដឹងពីភ្នាក់ងារបង្កជំងឺពិតប្រាកដនៅឡើយទេ ហើយទោះបីជាអាជ្ញាធររុស្ស៊ីបានឆ្លើយតបសំណួរមួយចំនួនរួចហើយក្តី ប៉ុន្តែ WHO នៅតែត្រូវការចម្លើយច្បាស់លាស់ និងទាន់ពេលវេលាបន្ថែមទៀតពាក់ព័ន្ធទៅនឹងការស្លាប់មួយនេះ។
ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសាធារណៈរុស្ស៊ី Rospotrebnadzor បានបញ្ជាក់ថា បុគ្គលិករូបនោះបានស្លាប់ដោយសារជំងឺរលាកសួតដែលមិនដឹងពីមូលហេតុនៅមន្ទីរពេទ្យក្នុងក្រុង Shelekhov ជិតក្រុង Irkutsk។ អាជ្ញាធររុស្ស៊ីបានអះអាងថា ការធ្វើតេស្តយ៉ាងទូលំទូលាយពុំបានរកឃើញភស្តុតាងដែលថាករណីនេះពាក់ព័ន្ធនឹងមេរោគប៉េស្ត ឬភ្នាក់ងារបង្កជំងឺដែលជនរងគ្រោះបានធ្វើការជាមួយនៅក្នុងវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត Irkutsk នោះឡើយ។ ដើម្បីបង្ការហានិភ័យ អាជ្ញាធរបានដាក់មន្ទីរពេទ្យដែលពាក់ព័ន្ធឱ្យស្ថិតក្រោមការធ្វើចត្តាឡីស័ក និងបានដាក់មនុស្សប្រហែល ២០០ នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឱ្យស្ថិតក្រោមការតាមដានសុខភាពយ៉ាងម៉ឺងម៉ាត់ ដោយបានបញ្ជាក់បន្ថែមថាពុំមានការរាយការណ៍ពីករណីឆ្លងជំងឺប៉េស្តផ្សេងទៀតនៅក្នុងតំបន់ Irkutsk នាពេលថ្មីៗនេះទេ។
លោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងដែលថាសហរដ្ឋអាម៉េរិកកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ និងរំពឹងថារុស្ស៊ីនឹងចែករំលែកព័ត៌មានបន្ថែម ប៉ុន្តែលោកពុំជឿថាករណីនេះជាការអភិវឌ្ឍអាវុធជីវសាស្ត្រនោះទេ។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត Erica Schwartz នាយិកាមជ្ឈមណ្ឌល CDC អាម៉េរិក បានបញ្ជាក់ថា ហានិភ័យនៃការគំរាមកំហែងដល់សហរដ្ឋអាម៉េរិកគឺស្ថិតក្នុងកម្រិតទាបបំផុត ដោយសារការធ្វើដំណើររវាងតំបន់នោះ និងអាម៉េរិកមានកម្រិតតិចតួច៕