ក្រុងឡុងដ៍៖ ប្រទេសកម្ពុជា រួមជាមួយឥណ្ឌូណេស៊ី ថៃ និងវៀតណាម បានបង្ហាញវត្តមាននៅក្នុងបញ្ជីឈ្មោះ «ប្រទេសល្អបំផុតទាំង ២០ លើពិភពលោក» សម្រាប់ទេសចរ ផ្អែកតាមការបោះឆ្នោតពានរង្វាន់ Readers' Choice Awards របស់ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញរបស់អង់គ្លេស Condé Nast Traveller ដែលមានការចូលរួមបោះឆ្នោតពីអ្នកអានជាង ៨០០,០០០ នាក់។
នៅក្នុងបញ្ជីពិភពលោកនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៦។ ទស្សនាវដ្តី Condé Nast Traveller បានគូសបញ្ជាក់ថា សក្តានុពលទេសចរណ៍កម្ពុជាមិនត្រឹមតែមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេចធ្លោតាមរយៈភាពរវើកនៃទីផ្សារក្នុងរាជធានីភ្នំពេញ, ធម្មជាតិដ៏ស្ងប់ស្ងាត់នៃជួរភ្នំក្រវាញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាពិសេសក្នុងអំឡុងរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែមេសា។
គួរបញ្ជាក់ថា នៅក្នុងការវាយតម្លៃអន្តរជាតិនេះ ប្រទេសក្រិក បានជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសល្អបំផុតលើពិភពលោកសម្រាប់ទេសចរ តាមពីក្រោយដោយជប៉ុន (លេខ ២) និងអ៊ីតាលី (លេខ ៣)។ ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ីទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេគឺលេខ ៨ តាមពីក្រោយដោយប្រទេសថៃ (លេខ ១០) និងវៀតណាម (លេខ ១៤)៕