អាម៉េរិក៖ តម្លៃប្រេងបានបន្តកើនឡើងថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារការព្រួយបារម្ភជាបន្តបន្ទាប់អំពីការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ចំពេលដែលមានការកើនឡើងនៃការវាយប្រហារលើនាវាដឹកជញ្ជូននៅក្នុងឈូងសមុទ្រ និងច្រកសមុទ្រហ័រមូស។ តម្លៃប្រេងឆៅ Brent បានកើនឡើង ១,៣៣ ដុល្លារ ឬ ១,៣៣ ភាគរយ ដល់ ១០១,៥៣ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០១:១៦ ម៉ោងសកល (GMT)។ តម្លៃប្រេងឆៅអាម៉េរិក West Texas Intermediate (WTI) បានកើនឡើង ១,១១ ដុល្លារ ឬ ១,២៦ ភាគរយ ដល់ ៨៩,៣៩ ដុល្លារក្នុងមួយបារ៉ែល។
បើតាមទីភ្នាក់ងារ CNA តម្លៃបានធ្លាក់ចុះកាលពីថ្ងៃពុធ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានយល់ព្រមពន្លឿនការបញ្ចេញស្តុកប្រេង និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ក្រោមផែនការដែលបានដាក់ចេញកាលពីខែមីនា ខណៈដែលរដ្ឋាភិបាលនានាព្យាយាមដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈខ្ពស់បំផុត និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។
ទោះជាយ៉ាងណាក៏ដោយ ការគំរាមកំហែងដល់ការដឹកជញ្ជូនប្រេងនៅក្នុងឈូងសមុទ្រ និងច្រកសមុទ្រ ហ័រមូស ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងប្រេងឥន្ធនៈប្រហែល ២០ ភាគរយនៃបរិមាណសកលមុនពេលមានសង្គ្រាម បានកើនឡើងនៅក្នុងខែតុលា ខណៈដែលជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលដល់ខែទីប្រាំបី។
ជាមួយគ្នានេះដែរការវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុន បើធៀបនឹងសប្តាហ៍ផ្សេងទៀតចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើម ខណៈដែលប្រទេសផលិតប្រេងក្នុងតំបន់ឈូងសមុទ្របង្កើនការនាំចេញ។ ការកើនឡើងនៃការវាយប្រហារនេះកើតឡើងស្របពេលដែលប្រេងឆៅកាន់តែច្រើនត្រូវបានដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រ ប៉ុន្តែត្រូវចំណាយថ្លៃដើមខ្ពស់ និងប្រឈមនឹងហានិភ័យដល់ទំនិញ និងនាវិក។
លោក Daniel Hynes អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់ផ្នែកទំនិញនៅធនាគារ ANZ បាននិយាយនៅក្នុងកំណត់ត្រាមួយនៅថ្ងៃព្រហស្បតិ៍នេះថា៖ «កាលពីអតីតកាល ការវាយប្រហារបែបនេះបានបណ្តាលឱ្យមានការថយចុះនៃការដឹកជញ្ជូនចេញពីឈូងសមុទ្រ Persian។ ប៉ុន្តែលើកនេះ ក្រុមហ៊ុនផលិតហាក់ដូចជាសុខចិត្តទទួលយកហានិភ័យនៃការខូចខាតនាវារបស់ពួកគេ ដោយសារមិនមានមធ្យោបាយផ្សេងទៀតក្នុងការដឹកជញ្ជូនប្រេងរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិឡើយ»។ លោក Hynes ក៏បានលើកឡើងដែរថា ការបញ្ចេញប្រេងរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ទំនងជានឹងរួមបញ្ចូលនូវបរិមាណប្រេងដែលជាផ្នែកមួយនៃផែនការដើមរបស់ក្រុមនេះរួចទៅហើយ ក្នុងការបញ្ចេញប្រេងចំនួន ៤០០ លានបារ៉ែលនៅពេលចាប់ផ្តើមជម្លោះនៅមជ្ឈិមបូព៌ា ដែលមានន័យថា វាមិនមែនជាការដកយកប្រេងបន្ថែមពីស្តុកយុទ្ធសាស្ត្រនោះទេ៕