អាប៊ូយ៉ា៖ យន្តហោះយោធានីហ្សេរីយ៉ាមួយគ្រឿង ប្រភេទ ATR-42 បានជួបឧបទ្ទវហេតុធ្លាក់កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋ Ondo ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យអ្នកដំណើរ ២៥ នាក់ និងបុគ្គលិកយន្តហោះ ៧ នាក់ សរុបចំនួន ៣២ នាក់ ស្លាប់បាត់បង់ជីវិតទាំងអស់ ដោយគ្មានអ្នករស់រានមានជីវិតឡើយ។ យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ លោក Festus Keyamo យន្តហោះរបស់កងទ័ពអាកាសមួយគ្រឿងនេះ បានបាត់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅម៉ោង ០៨:១៣ ម៉ោងសកល (GMT) ខណៈពេលកំពុងធ្វើបេសកកម្មហោះហើរធម្មតាពីទីក្រុង Benin ទៅកាន់ទីក្រុង Lagos។ បន្ទាប់មក ក្រុមស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយបានរកឃើញបំណែកយន្តហោះនៅជិតទីក្រុងឆ្នេរសមុទ្រ Igbokoda។
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងបានផ្ញើសាររំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះ។លោកបានបញ្ជាឱ្យកងទ័ពអាកាសបើកការស៊ើបអង្កេតជាបន្ទាន់ និងយ៉ាងហ្មត់ចត់បំផុត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានហេតុការណ៍ស្រដៀងគ្នានេះនៅពេលអនាគត៕