ជប៉ុន៖ រដ្ឋបាលក្រុង Yokosuka ខេត្ត Kanagawa ប្រទេសជប៉ុន បានបណ្តេញមន្ត្រីរាជការស្ត្រីម្នាក់ អាយុ ៤៥ ឆ្នាំម្នាក់ ចេញពីតំណែង ក្រោយបែកការណ៍ថានាងបានលួចទៅដើរលេងនៅបរទេស ដោយប្រើប្រាស់ច្បាប់ឈប់សម្រាកព្យាបាលជំងឺ។ យោងតាមការចេញផ្សាយរបស់កាសែត Japan Daily មន្រ្តីរាជការរូបនេះ បានសុំច្បាប់សម្រាកចំនួន ១០ ថ្ងៃ ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ។ ប៉ុន្តែផែនការនេះត្រូវបរាជ័យ ដោយសារ ប្រធានរបស់នាងបានប្រទះឃើញនាងដោយចៃដន្យ នៅស្ថានីយរថភ្លើងក្នុងក្រុង Yokosuka ជាមួយនឹងវ៉ាលីធ្វើដំណើរយ៉ាងធំ។
តាមការបញ្ជាក់ពីប្រធានរបស់នាង គាត់បានផ្ញើសារសួរនាំអាការជំងឺរបស់នាង តែនាងបានភូតកុហកថា ខ្លួនកំពុងគេងសម្រាកព្យាបាលនៅផ្ទះ។ ក្រោយពេលត្រឡប់មកពីដើរលេងវិញ នាងត្រូវបាន សាកសួរដេញដោលពីរករណីនេះ និងជាចុងក្រោយ នាងបានសម្រេចចិត្តសារភាពថាខ្លួនបានលួចទៅដើរលេងក្រៅប្រទេសពិតមែន។
លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា លិខិតបញ្ជាក់សុខភាពដែលនាងយកមកប្រើប្រាស់ គឺជាឯកសារក្លែងក្លាយទាំងស្រុង។ ភ្លាមៗ អាជ្ញាធរក្រុង Yokosuka របស់ជប៉ុន មិនត្រឹមតែបណ្តេញមន្ត្រីរូបនេះចេញពីក្របខ័ណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្តឹងគ្រូពេទ្យដែលចេញលិខិតបញ្ជាក់ក្លែងក្លាយនោះទៅប៉ូលិសជប៉ុនទៀត៕