តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានហៅប្រទេសចិនថាជា ប្រទេសជិតខាងដ៏សំខាន់ និងបានសន្យាថានឹងបង្កើតទំនាក់ទំនងប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនា រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ នៅក្នុងសុន្ទរកថាបង្ហាញគោលនយោបាយកាលពីថ្ងៃចន្ទ (ទី ៥ ខែតុលា)។ការថ្លែងសារការទូតនេះ បានធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពេលលោកស្រី Takaichi ធ្លាប់បានលើកឡើងកាលពីឆ្នាំមុនថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍ ប្រសិនបើមានការវាយប្រហារលើកោះតៃវ៉ាន់។ ប្រតិកម្មចំពោះបញ្ហានេះ ប្រទេសចិនបានដាក់ចេញនូវការរឹតបន្តឹងពាណិជ្ជកម្ម និងកាត់បន្ថយការនាំចេញសារធាតុរ៉ែកម្រ (Rare Earth Minerals) មកកាន់ជប៉ុន ព្រមទាំងព្រមានពលរដ្ឋខ្លួនកុំឱ្យទៅកម្សាន្តនៅជប៉ុន។
លោកស្រីបានថ្លែងទៅកាន់សភាថា៖ ចិនគឺជាប្រទេសជិតខាងដ៏សំខាន់ ហើយទោះបីជាមានការលំបាកក៏ដោយ យើងបានកសាងទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជប៉ុននឹងខិតខំធានាឱ្យមានការទំនាក់ទំនងគ្នាលើបញ្ហាប្រឈមរួម ជំរុញកិច្ចសន្ទនាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព។
សម្រាប់លោកស្រី Sanae Takaichi ប្រទេសជប៉ុនក៏នឹង បញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់ប្រទេសខ្លួន និង អំពាវនាវយ៉ាងខ្លាំងក្លាឱ្យមានការប្រព្រឹត្តប្រកបដោយការទទួលខុសត្រូវ ហើយរដ្ឋាភិបាលរបស់លោកស្រីនឹងរៀបចំផែនការដ៏ទូលំទូលាយមួយ ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះនៃចំនួនប្រជាជន ដែលលោកស្រីបានហៅថាជាវិបត្តិជាតិដែលកំពុងកើតឡើងយ៉ាងស្ងៀមស្ងាត់។