(រូបភាពដោយ៖ រដ្ឋបាលខណ្ឌដូនពេញ)
ភ្នំពេញ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន១៣នាក់ ត្រូវបានរដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី១៩ មករា បានឃាត់ខ្លួនបន្ទាប់ពីពួកគេបន្ទោរបង់នៅតាមសួនច្បារ ដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត។ អ្នកទាំង១៣នាក់នោះ ភាគច្រើនជាអ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ។
យោងតាមរដ្ឋខណ្ឌដូនពេញ បានឱ្យដឹងថា ក្នុងបេសកកម្មរៀបចំសណ្ដាប់ធ្នាប់មូលដ្ឋាន អាជ្ញាធរបានជួបក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន១៣នាក់ដែលបានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោរបង់នៅតាមដើមឈើ តាមសួនច្បារ តាម ទីសាធារណៈ។ សម្រាប់អាជ្ញាធរ បានចាត់ទុកឥរិយាបថរបស់ពួកគាត់ទាំង១៣នាក់នោះ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និង បង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ។
ក្រោយពីឃើញឥរិយាបថបែបនេះ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញពួកគាត់ទៅធ្វើការអប់រំណែនាំ នៅសាលាខណ្ឌនិង បានបញ្ជាឱ្យបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោរបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។
ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌដូនពេញ សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ កុំយកគំរូតាមពួកគាត់ទាំងអស់នោះ និងត្រូវរកកន្លែង បន្ទោរបង់អោយបានត្រឹមត្រូវ នៅតាមបន្ទប់ទឹកសាធារណៈ ឬឯកជននានា ដែលនៅជិតៗខ្លួន ដើម្បីជៀសវាងបន្ទោរបង់តាមទីសាធារណៈ ហើយបង្កភាពអនាធិបតេយ្យ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ ខ្វះអនាម័យ និងប៉ះពាល់ដល់សុខភាព។