Swift cc time

ក្រុងហូជីមិញ ចាប់ខ្លួននាយកក្រុមហ៊ុនម្នាក់ ពីបទលក់នាឡិកា-គ្រឿងអលង្ការក្លែងក្លាយ ម៉ាកល្បីៗ រួមមាន Rolex និង Hermes តម្លៃជិត ១០ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ អាជ្ញាធរទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចាប់ខ្លួននាយកក្រុមហ៊ុន Dwatch Trading and Services Co., Ltd. ឈ្មោះ Du ពីបទ «រំលោភលើសិទ្ធិកម្មសិទ្ធិឧស្សាហកម្ម» តាមក្រមព្រហ្មទណ្ឌ បន្ទាប់ពីលួចលក់ទំនិញក្លែងក្លាយម៉ាកល្បីៗដូចជា Rolex និង Hermes ជាដើម។ ទំនិញក្លែងក្លាយដែលត្រូវបានរឹបអូស រួមមាននាឡិកា និងគ្រឿងអលង្ការ ដែលមានតម្លៃសរុបតាមទីផ្សារលើសពី ២,៥ ប៊ីលានដុង (ប្រហែល ៩៥,០០០ ដុល្លារអាម៉េរិក)។

យោងតាមការចេញផ្សាយរបស់កាសែត VN Express ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីសមត្ថកិច្ចក្រុងហូជីមិញ បានរកឃើញសញ្ញាសង្ស័យនៃការលក់ក្រវិល កងដៃ ខ្សែក ចិញ្ចៀន និងនាឡិកាក្លែងក្លាយដោយខុសច្បាប់។ ប៉ូលីសបានតាមដានសកម្មភាពអនឡាញ ប្រមូលទិន្នន័យអេឡិចត្រូនិក ពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុ ព្រមទាំងខ្សែច្រវាក់ដឹកជញ្ជូនរបស់ក្រុមហ៊ុន Dwatch រហូតឈានដល់ការស្វែងរកឃើញប្រភពដើមនៃទំនិញទាំងនោះ។ ផ្អែកលើភស្តុតាងទាំងនេះ ប៉ូលីស និងអាជ្ញាធរត្រួតពិនិត្យទីផ្សារ បានចុះឆែកឆែរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុននៅលើផ្លូវ Go Dau ក្នុងសង្កាត់ Tan Son Nhi។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក្រុងហូជីមិញ បានរកឃើញទំនិញក្លែងបន្លំម៉ាកល្បីៗជាច្រើន រួមមាន Hermes, Richard Mille, Rolex, Cartier, Van Cleef & Arpels (VCA), Louis Vuitton, Omega និង Hublot។ ទំនិញដែលត្រូវបានរឹបអូសទាំងនោះ សុទ្ធតែគ្មានវិក្កយបត្រ គ្មានឯកសារបញ្ជាក់ប្រភព និងគ្មានស្លាកសញ្ញាត្រឹមត្រូវតាមបទប្បញ្ញត្តិឡើយ។

សមត្ថកិច្ចក្រុងហូជីមិញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Du បានចុះបញ្ជីបង្កើតក្រុមហ៊ុនខាងលើជាផ្លូវការកាលពីខែមករា ឆ្នាំ២០២៥។ យោងតាមការសាកសួរ រូបគេបានសារភាពថា ខ្លួនបានដឹងយ៉ាងច្បាស់ថាម៉ាកយីហោបរទេសល្បីៗទាំងនោះត្រូវបានការពារដោយច្បាប់នៅវៀតណាម ប៉ុន្តែនៅតែបន្តផ្សព្វផ្សាយលក់ទំនិញក្លែងក្លាយនៅលើគេហទំព័រ និងបណ្តាញសង្គមដូចជា Facebook និង Zalo ដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង