អាម៉េរិក៖ ប្រធានផ្នែកពន្ធនាគាររដ្ឋ Tennessee លោក Frank Strada បានប្រកាសលាលែងពីតំណែងជាផ្លូវការ បន្ទាប់ពីការប្រហារជីវិតលើអ្នកទោសស្រីឈ្មោះ Christa Pike ដោយការចាក់ថ្នាំសម្លាប់ពីរលើកបានបរាជ័យយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃពុធកន្លងទៅ។ លោក Bill Lee អភិបាលរដ្ឋ Tennessee ក៏បានបានបញ្ជាឱ្យមានការស៊ើបអង្កេត និងត្រួតពិនិត្យដោយឯករាជ្យលើហេតុការណ៍ដែលបានកើតឡើង។ លោកអភិបាលរដ្ឋក៏បានប្រកាសផ្អាករាល់ការអនុវត្តទោសប្រហារជីវិតទាំងអស់នៅក្នុងរដ្ឋសម្រាប់ឆ្នាំនេះជាបណ្តោះអាសន្ន។
យោងតាម BBC អ្នកទោស Pike ត្រូវបានគេចាក់ថ្នាំសម្លាប់ (pentobarbital) ក្នុងកម្រិតសម្លាប់រហូតដល់ពីរដង ប៉ុន្តែនាងនៅតែមានជីវិត ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងទីក្រុង Nashville។ ក្រុមមេធាវីរបស់នាងបានឱ្យដឹងថា Pike ស្ថិតក្នុងស្ថានភាពសន្លប់ធ្ងន់ធ្ងរ ដោយត្រូវប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីឱ្យគ្រូពេទ្យព្យាយាមបណ្តេញថ្នាំសម្លាប់ចេញពីរាងកាយរបស់នាង។ ក្រុមមេធាវីបន្ថែមថា ពួកគេធ្លាប់បានព្រមានអាជ្ញាធររួចហើយអំពីបញ្ហាសុខភាពប្រចាំកាយរបស់ Pike ដែលអាចធ្វើឱ្យការចាក់ថ្នាំជួបការលំបាក និងបង្កការឈឺចាប់ខ្លាំង ប៉ុន្តែការប្រហារជីវិតនៅតែត្រូវបានបន្ត។ ក្រុមមេធាវីការពារក្ដីបានដាក់ញត្តិបន្ទាន់ដើម្បីរក្សាទុកភស្តុតាងទាំងអស់ជុំវិញការប្រហារជីវិតដែលបរាជ័យនេះ ដោយលើកឡើងថា ហេតុការណ៍នេះបានស្តែងឱ្យឃើញពី ការបរាជ័យជាប្រព័ន្ធ នៅក្នុងប្រព័ន្ធទោសប្រហារជីវិតរបស់រដ្ឋ Tennessee។
គួរកត់សម្គាល់លោកស្រី Christa Pike ត្រូវបានតុលាការកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ១៩៩៦ ពីបទវាយដំ ធ្វើទារុណកម្ម និងសម្លាប់យុវតីម្នាក់កាលពីឆ្នាំ ១៩៩៥ កាលនោះនាងមានអាយុ ១៨ ឆ្នាំ ហើយនាងគឺជាស្ត្រីតែម្នាក់គត់ដែលស្ថិតក្នុងបញ្ជីទោសប្រហារជីវិតនៅក្នុងរដ្ឋ Tennessee៕