ជប៉ុន៖ អាជ្ញាធរហិរញ្ញវត្ថុជប៉ុន កំពុងពិចារណា ចាត់វិធានការលើក្រុមហ៊ុនធានារ៉ាប់រង Prudential Life Insurance ជុំវិញអាស្រូវហិរញ្ញវត្ថុដ៏ធំមួយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុននេះអាចនឹងត្រូវផ្អាកសកម្មភាពលក់ជាផ្លូវការ។ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន (FSA) បានចុះធ្វើអធិការកិច្ចនៅការិយាល័យរបស់ក្រុមហ៊ុន បន្ទាប់ពីរកឃើញកាលពីដើមឆ្នាំនេះថា បុគ្គលិកជាច្រើនរូបបានប្រព្រឹត្តអំពើល្មើសច្បាប់ រួមទាំងការឆបោកប្រាក់ពីអតិថិជន។ ទឹកប្រាក់ដែលពាក់ព័ន្ធក្នុងអាស្រូវនេះ មានទំហំសរុបរហូតដល់ប្រមាណ ៣,៧ ប៊ីលានយ៉េន (ប្រហែល ២៣,៤ លានដុល្លារអាម៉េរិក)។
យោងតាមប្រភពព័ត៌មានNHK World បានឱ្យដឹងថា ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន អាចនឹងចេញបញ្ជាផ្អាកការលក់ប័ណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន Prudential Life Insurance ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prudential Financial មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក។
គួររំលឹកថា FSA ធ្លាប់បានចេញបញ្ជាផ្អាកការលក់បែបនេះចុងក្រោយកាលពីឆ្នាំ ២០១៩ ទៅលើក្រុមហ៊ុន Japan Post Insurance ដោយសារការលក់មិនត្រឹមត្រូវតាមបទដ្ឋាន។ក្រុមហ៊ុន Prudential Life Insurance ក៏បានផ្អាកសកម្មភាពលក់ប័ណ្ណសន្យារ៉ាប់រងជាបណ្តោះអាសន្នរួចមកហើយ ចាប់តាំងពីខែកុម្ភៈមក៕