Swift cc time

ក្រុងហូជីមិញ ដាក់ពង្រាយម៉ាស៊ីនបូមទឹកកម្លាំងខ្លាំងចំនួន៥ ដើម្បីការពារទឹកជំនន់លិចខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ អាជ្ញាធរទីក្រុងហូជីមិញ កាលពីថ្ងៃ០៣តុលា បានដាក់ឱ្យដំណើរការស្ថានីយបូមទឹកអគ្គិសនីកម្លាំងខ្លាំងចំនួន ៥កន្លែង នៅតាមឃុំ Ba Diem, Vinh Loc និង Tan Vinh Loc ដើម្បីបូមទឹកជំនន់ទម្លាក់ទៅក្នុងព្រែក An Ha។ វិធានការនេះធ្វើឡើងដើម្បីជួយកាត់បន្ថយការលិចលង់កាន់តែធ្ងន់ធ្ងរ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងទឹកសមុទ្រជោរនាពេលថ្មីៗនេះ។

យោងតាមការចេញផ្សាយរបស់កាសែតTuoi Tre News ស្ថានីយទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់សហគ្រាសធារាសាស្ត្រ Hoc Mon-Binh Chanh ដោយម៉ាស៊ីនបូមទឹកនីមួយៗមានសមត្ថភាពបូមបាន ១,៨០០ ម៉ែត្រគូបក្នុងមួយម៉ោង។ អាជ្ញាធរវៀតណាម ក៏បានបន្ថែមម៉ាស៊ីនបូមដើរដោយប្រេងម៉ាស៊ូតចំនួន ៣គ្រឿងទៀត (មានសមត្ថភាព ៦០០ ម៉ែត្រគូប/ម៉ោង) ដើម្បីរំដោះទឹកចេញពីចម្ការដំណាំ និងតំបន់ប្រជាជនរស់នៅ។

តាមប្រភពព័ត៌មាន ការលិចលង់នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករក្នុងមូលដ្ឋានរបស់វៀតណាម។ ក្នុងចំណោមអ្នករងផលប៉ះពាល់ កសិករក្នុងស្រុកម្នាក់ គឺ លោកស្រី Ha Thi Le បានរៀបរាប់ថា ចម្ការក្រូចថ្លុងរបស់លោកស្រី មាន ១,៣០០ដើម ក្នុងនោះ ៨០០ដើមកំពុងផ្តល់ផ្លែសម្រាប់ប្រមូលផលលក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឬបុណ្យតេត ទើបតែត្រូវទឹកលិច និងដួលរលំអស់មួយចំនួនដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា។

បច្ចុប្បន្ន ក្រុមការងារធារាសាស្ត្រវៀតណាម កំពុងបន្តប្រតិបត្តិការបូមទឹក ២៤ម៉ោងលើ២៤ម៉ោង ទៅតាមស្ថានភាពទឹកភ្លៀង និងទឹកជោរ ដើម្បីរំដោះទឹកស្ទះចេញឱ្យអស់ និងការពារផលដំណាំរបស់ប្រជាពលរដ្ឋកុំឱ្យខូចខាតបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង