Swift cc time

ថៃ ព្រមានពី «ភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង» ចាប់ពីថ្ងៃទី ៥-៧ តុលានេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីព្រមានលើកទី ៨ អំពីស្ថានភាពអាកាសធាតុប្រែប្រួលខុសប្រក្រតី នៅភាគខាងលើនៃប្រទេស ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ដោយព្យាករណ៍ថានឹងមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងមែនទែននៅតំបន់មួយចំនួន។ សម្រាប់ថ្ងៃទី ៥-៦ ខែតុលា តំបន់រងផលប៉ះពាល់រួមមាន ភាគខាងជើង ភាគកណ្តាល រាជធានីបាងកក និងតំបន់ជុំវិញ ភាគខាងកើត និងភាគខាងត្បូងផ្នែកខាងលើ ខណៈដែលភ្លៀងនៅភាគឥសានចាប់ផ្តើមថយចុះ។ ដោយឡែកនៅថ្ងៃទី ៧ ខែតុលា ភ្លៀងនឹងបន្តធ្លាក់នៅភាគខាងលិចនៃភាគខាងជើង និងភាគកណ្តាល។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត អាជ្ញាធរថៃ បានព្រមានថា បរិមាណទឹកភ្លៀងសរុបអាចបង្កឱ្យមានជំនន់ឆាប់រហ័ស និងទឹកព្រៃហូរជន់លិច ជាពិសេសនៅតំបន់ជើងភ្នំ ក្បែរផ្លូវទឹក និងតំបន់ទំនាប។

អាជ្ញាធរថៃ បានណែនាំឱ្យប្រជាពលរដ្ឋថៃ ជៀសវាងការនៅក្នុងទីវាលលំហ ជិតដើមឈើធំៗ ឬផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដែលមិនរឹងមាំ ក្នុងពេលមានខ្យល់កន្ត្រាក់។

គួរបញ្ជាក់ថា រលកសមុទ្រនៅសមុទ្រអង់ដាម៉ាន និងឈូងសមុទ្រថៃនឹងមានកម្លាំងខ្លាំង ដោយអាចមានកម្ពស់លើសពី ២ ម៉ែត្រ នៅពេលមានភ្លៀងផ្គររន្ទះ។ នាយកដ្ឋានឧតុនិយមថៃ បានបន្ថែមថា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែតុលា បរិមាណទឹកភ្លៀងនឹងកើនឡើងជាថ្មីនៅភាគខាងកើត ភាគកណ្តាល រួមទាំងរាជធានីបាងកក និងភាគខាងត្បូង ដែលអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅកន្លែងខ្លះផងដែរ៕

Khcct banner

អត្ថបទទាក់ទង