តូក្យូ៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនទាហានម៉ារីនអាម៉េរិកអាយុ ២០ ឆ្នាំម្នាក់ ពីបទសង្ស័យប្លន់ និងសម្លាប់ស្ត្រីក្នុងស្រុកជប៉ុនម្នាក់អាយុ ៣៩ ឆ្នាំ នៅឯសណ្ឋាគារមួយក្នុងទីក្រុង Naha នៃខេត្ត Okinawa កាលពីចុងសប្តាហ៍កន្លងទៅ។ ករណីឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅនេះ បានបង្កឱ្យមានរលកនៃការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអាជ្ញាធរជប៉ុន ប្រឆាំងនឹងវត្តមានយោធាអាម៉េរិកនៅក្នុងតំបន់។ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរជប៉ុន សាកសពរបស់ជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់សណ្ឋាគារ ដោយមានស្នាមច្របាច់ក។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យដែលជាទាហានប្រចាំការនៅមូលដ្ឋានទ័ពអាកាស Futenma បានចូលទៅក្នុងសណ្ឋាគារជាមួយជនរងគ្រោះ ប៉ុន្តែបានចាកចេញមកវិញតែម្នាក់ឯង ព្រមទាំងបានយកកាបូបលុយ និងកាបូបស្ពាយរបស់នាងទៅជាមួយ។ ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនបាននៅយប់ថ្ងៃសៅរ៍ ខណៈកំពុងដើរនៅក្នុងតំបន់កម្សាន្ត។
លោក Genta Koja អភិបាលខេត្ត Okinawa បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយថ្លែងថា ព្រឹត្តិការណ៍នេះជារឿងដែល «មិនអាចអត់ឱនឱ្យបានឡើយ» និងបានរះគន់ធ្ងន់ៗថា វិធានការអប់រំ និងវិន័យរបស់កងទ័ពអាម៉េរិកកន្លងមកគឺគ្មានប្រសិទ្ធភាពទាល់តែសោះ។ ទន្ទឹមនឹងនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានចាត់ទុកករណីនេះជារឿងសោកស្តាយជាទីបំផុត ខណៈដែលក្រសួងការបរទេសជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតអាម៉េរិកមកធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងទាមទារឱ្យមានការស៊ើបអង្កេតប្រកបដោយភាពស្មោះត្រង់ ព្រមទាំងដាក់ទោសទណ្ឌតឹងរ៉ឹងបំផុត។
ឯកអគ្គរដ្ឋទូតអាម៉េរិក លោក George Glass និងបញ្ជាការដ្ឋានកងម៉ារីនអាម៉េរិក បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងបានអះអាងថានឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយអាជ្ញាធរជប៉ុន។
គួររម្លឹកថាសហរដ្ឋអាម៉េរិកមានបុគ្គលិកយោធាប្រហែល ៥៤,០០០នាក់ ដែលឈរជើងនៅក្នុងប្រទេសជប៉ុន ដោយភាគច្រើនស្ថិតនៅកោះអូគីណាវ៉ា។ បទល្មើសដែលប្រព្រឹត្តដោយបុគ្គលិកយោធាអាម៉េរិកនៅក្នុងប្រទេសជប៉ុន បានក្លាយជាបញ្ហាដ៏ស្មុគស្មាញមួយនៅក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តសន្តិសុខដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ លោក Shinjiro Koizumi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានមានប្រសាសន៍ថា៖ «ឧប្បត្តិហេតុ និងហេតុការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងបុគ្គលិកយោធាអាម៉េរិក បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនក្នុងតំបន់ ហើយមិនត្រូវអនុញ្ញាតឱ្យកើតមានឡើងនោះឡើយ»។
នៅខែមិថុនា ឆ្នាំ២០២៥ តុលាការជប៉ុនមួយបានកាត់ទោសលោក Jamel Clayton ដែលជាទាហានម៉ារីនអាម៉េរិក (នៅពេលនោះមានអាយុ ២២ឆ្នាំ) ឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានរកឃើញថាមានទោសពីបទច្របាច់ក និងរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ដែលមានអាយុ ២០ឆ្នាំ។មុននោះ ក៏មានករណីមួយទៀតនៅឆ្នាំ២០១៧ លោក Kenneth Shinzato ដែលជាអតីតទាហានម៉ារីនអាម៉េរិក និងជាបុគ្គលិកស៊ីវិលធ្វើការនៅមូលដ្ឋានយោធា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទរំលោភសេពសន្ថវៈ និងសម្លាប់ស្ត្រីក្នុងតំបន់ម្នាក់នៅកោះអូគីណាវ៉ា។
នៅឆ្នាំដដែលនោះ កងកម្លាំងអាម៉េរិកប្រចាំនៅជប៉ុនបានហាមឃាត់បុគ្គលិកទាំងអស់មិនឱ្យទទួលទានគ្រឿងស្រវឹង បន្ទាប់ពីទាហានម៉ារីនអាម៉េរិកម្នាក់ក្នុងស្ថានភាពស្រវឹង បានបើកបររថយន្តរបស់ខ្លួនបុកជាមួយរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលបណ្តាលឱ្យអ្នកបើកបរក្នុងតំបន់ម្នាក់ដែលមានអាយុ ៦១ឆ្នាំ បានស្លាប់បាត់បង់ជីវិត មានបុគ្គលិកយោធាអាម៉េរិកប្រហែល ៦,០០០នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីកោះអូគីណាវ៉ាត្រូវបានប្រគល់ត្រឡប់មកឱ្យប្រទេសជប៉ុនវិញពីសហរដ្ឋអាម៉េរិកនៅឆ្នាំ១៩៧២ ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ។ចំនួននៃការចាប់ខ្លួនក្នុងមួយឆ្នាំបានកើនឡើងដល់ ៨០ករណីនៅឆ្នាំ២០២៤ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ៕