Swift cc time

ថៃ ព្រមានកម្រិតទឹកទន្លេអាចហក់ឡើង ១០ សង់ទីម៉ែត្រ ក្នុងខេត្តអយុធ្យា ដោយសារការបង្ហូរទឹកពីទំនប់ចៅព្រះយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អយុធ្យា៖ ប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដោយទន្លេចៅព្រះយ៉ា (Chao Phraya) និងទន្លេណយ (Noi) ក្នុងខេត្តអយុធ្យា ត្រូវបានអាជ្ញាធរចេញការព្រមានថា កម្រិតទឹកទន្លេអាចនឹងហក់ឡើងប្រមាណ ១០ សង់ទីម៉ែត្រនៅថ្ងៃនេះ ដោយសារតែលំហូរទឹកដែលបង្ហូរចេញពីទំនប់ចៅព្រះយ៉ាំ បានហូរធ្លាក់មកដល់ដែនដីខេត្តមួយនេះ។

យោងតាមការចេញផ្សាយរបស់កាសែត Khaosod ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានឱ្យដឹងថា លំហូរទឹកពីទន្លេពីង (Ping) និងទន្លេណាន (Nan) ចូលមកកាន់អាងទន្លេចៅព្រះយា បានចាប់ផ្តើមថយចុះជាបណ្តើរៗហើយ ប៉ុន្តែការបញ្ចេញទឹកពីទំនប់ចៅព្រះយានៅតែបន្តស្ថិតក្នុងអត្រា ២,៥០០ ម៉ែត្រគូបក្នុងមួយវិនាទីដដែល ដោយសារទន្លេសកែកែ្រង (Sakae Krang) នៅតែបន្តនាំយកបរិមាណទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ មន្ត្រីជំនាញថៃ រំពឹងថា លំហូរទឹកនៅក្នុងទន្លេសាកែកែ្រង(Sakae Krang River)នឹងចាប់ផ្តើមស្រកចុះវិញក្នុងរយៈពេលពី ២ ទៅ ៣ ថ្ងៃខាងមុខ។

បរិមាណទឹកដែលកើនឡើងឆ្លងកាត់ខេត្តអយុធ្យានេះ នឹងបន្តហូរធ្លាក់ទៅផ្នែកខាងក្រោមឆ្ពោះទៅកាន់ខេត្តប៉ាធុមធានី នន្ទបុរី រាជធានីបាងកក និងខេត្តសមុទ្រប្រាកាន។ ការិយាល័យធនធានទឹកជាតិថៃ បានបញ្ជាក់ថា តំបន់ការពារសំខាន់ៗក្នុងខេត្តទាំងនោះ រំពឹងថានឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ដោយសារទំនប់ទប់ទឹកភាគច្រើនមានកម្ពស់ខ្ពស់ល្មមអាចទប់ទល់នឹងលំហូរទឹកបាន។ ទោះជាយ៉ាងណា សហគមន៍ដែលស្ថិតនៅតំបន់ទំនាប និងតំបន់នៅក្រៅទំនប់ទប់ទឹក នៅតែអាចប្រឈមមុខនឹងការលិចលង់។

អាជ្ញាធរថៃបានបន្ថែមថា ស្ថានភាពទឹកជារួមនៅតែអាចគ្រប់គ្រងបាន ទោះបីជាមានការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែតុលានេះក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង