Swift cc time

អនុទីន ដកហូតសញ្ជាតិថៃពីបុរសម្នាក់កើតនៅអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក អនុទីន ឆាន់វីរៈគុល បានចុះហត្ថលេខាលើបទបញ្ជាដកហូតសញ្ជាតិថៃរបស់លោក Ariel Blustin ដែលពីមុនជាពលរដ្ឋអ៊ីស្រាអែល បន្ទាប់ពីអាជ្ញាធរបានរកឃើញថា គាត់នៅតែបន្តប្រើប្រាស់សញ្ជាតិដើមរបស់គាត់ និងបានលាក់បាំងសញ្ជាតិមួយផ្សេងទៀតក្នុងអំឡុងពេលដាក់ពាក្យសុំសញ្ជាតិថៃ។ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថា លោក Blustin ទទួលបានសញ្ជាតិថៃតាមរយៈការផ្តល់សញ្ជាតិ (naturalisation) ស្របតាមមាត្រា ១០ និងមាត្រា ១១(១) នៃច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ ២៥០៨ (១៩៦៥)។ ការទទួលបានសញ្ជាតិថៃរបស់គាត់ត្រូវបានចុះផ្សាយកាលពីនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ ហើយគាត់បានទទួលអត្តសញ្ញាណប័ណ្ណថៃលើកដំបូងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩។

យោងតាមកាសែតថៃខោស៊ត អាជ្ញាធរបានរកឃើញថា នៅថ្ងៃតែមួយដែលគាត់ទទួលបានអត្តសញ្ញាណប័ណ្ណនោះ លោក Blustin បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដោយប្រើលិខិតឆ្លងដែនអ៊ីស្រាអែល។ គាត់បានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ដោយប្រើលិខិតឆ្លងដែនដដែលនោះ ដែលក្រសួងបានចាត់ទុកថាជាការបន្តប្រើប្រាស់សញ្ជាតិដើមរបស់គាត់ ដែលផ្ទុយនឹងលក្ខខណ្ឌនៃការផ្តល់សញ្ជាតិថៃ។

សេចក្តីប្រកាសនោះក៏បានបញ្ជាក់ផងដែរថា លោក Blustin មានសញ្ជាតិអ៊ុយរូហ្គាយ ហើយធ្លាប់បានប្រើប្រាស់សញ្ជាតិនោះដើម្បីធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដង មុនពេលដាក់ពាក្យសុំសញ្ជាតិថៃ។ ក្រសួងបានលើកឡើងថា គាត់មិនបានបង្ហាញព័ត៌មានអំពីសញ្ជាតិនេះដល់មន្ត្រី ឬបង្ហាញពីបំណងចង់លះបង់សញ្ជាតិនោះឡើយ។

ក្រសួងបានបញ្ជាក់ថា ភស្តុតាងនានាបានបំពេញតាមមូលហេតុសម្រាប់ការដកហូតសញ្ជាតិថៃក្រោមច្បាប់ស្តីពីសញ្ជាតិ រួមទាំងការបន្តប្រើប្រាស់សញ្ជាតិដើម និងការផ្តល់ព័ត៌មានមិនពិត ឬការលាក់បាំងការពិតសំខាន់ៗក្នុងអំឡុងពេលដាក់ពាក្យសុំសញ្ជាតិ ហើយការលាក់បាំងសញ្ជាតិអ៊ុយរូហ្គាយរបស់លោកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សាធារណជន និងរដ្ឋ ប្រសិនបើមិនមានការដោះស្រាយ។ ដោយប្រើប្រាស់អំណាចក្រោមមាត្រា ១៩ នៃច្បាប់ស្តីពីសញ្ជាតិ លោក Anutin បានបញ្ជាឱ្យដកហូតសញ្ជាតិថៃរបស់លោក Blustin ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃប្រកាសគឺថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦៕

Khcct banner

អត្ថបទទាក់ទង