ថៃ៖ មន្ទីរពេទ្យ Abhaibhubejhr ស្ថិតក្នុងខេត្តប្រាជីនបុរី (Prachin Buri) ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមជម្លៀសអ្នកជំងឺសម្រាកព្យាបាលជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យបណ្ដោះអាសន្ន ក្នុងបន្ទាយយោធា Chakrapong បន្ទាប់ពីទឹកជំនន់បានហក់ឡើងខ្លាំងរហូតដល់ជម្រៅប្រមាណ ១ ម៉ែត្រ នៅជុំវិញ និងក្នុងបរិវេណមន្ទីរពេទ្យ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thai PBS ដំណើរការជម្លៀសនេះ តម្រូវឱ្យប្រើប្រាស់ទូកដើម្បីដឹកជញ្ជូនអ្នកជំងឺទៅកាន់អគារសង្គ្រោះបន្ទាន់ រួចបន្តដឹកតាមរថយន្តយោធា (4WD) ទៅកាន់មន្ទីរពេទ្យបណ្ដោះអាសន្ន ដែលមានសមត្ថភាពទទួលអ្នកជំងឺចំនួន ២០០ គ្រែ។
ក្រុមអ្នកជំងឺដំបូងដែលត្រូវបានជម្លៀស រួមមានអ្នកជំងឺធ្ងន់ធ្ងរ កុមារ ម្តាយ និងទារកទើបនឹងកើត។ ដោយសារផ្លូវធ្វើដំណើរមានទឹកជ្រៅ និងពោរពេញដោយឧបសគ្គ រថយន្តយោធានីមួយៗអាចដឹកបានត្រឹមតែ ៦ នាក់ប៉ុណ្ណោះក្នុងមួយជើង ដោយចំណាយពេលធ្វើដំណើរចន្លោះពី ៤០ នាទី ទៅ ១ ម៉ោង។
យោងតាមប្រភពពីមន្ទីរពេទ្យ Chakrapong បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំងអស់ មានអ្នកជំងឺស្ថិតក្នុងកម្រិតអាសន្នធ្ងន់ធ្ងរ (កម្រិតពណ៌ក្រហម) ចំនួន ៣៧ នាក់ កម្រិតមធ្យម (ពណ៌លឿង) ៥០ នាក់ និងកម្រិតស្រាល (ពណ៌ខៀវ) ៨០ នាក់។ ដោយសារស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺមួយចំនួនត្រូវផ្ទេរទៅព្យាបាលបន្តនៅមន្ទីរពេទ្យផ្សេងទៀត រួមទាំងទារកទើបនឹងកើតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ចំនួន ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ramathibodi និង Nakhon Nayok៕