Swift cc time

សិង្ហបុរី ដាក់ឱ្យដំណើរការ«កម្មវិធីស្វែងរកគូស្នេហ៍» សម្រាប់មន្ត្រីរាជការដែលនៅលីវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ ភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech) បានដាក់ឱ្យដំណើរការគម្រោងសាកល្បងមួយមានឈ្មោះថា «FirstDate» ដែលជាសេវាកម្មផ្គូផ្គងគូស្នេហ៍តាមប្រព័ន្ធបច្ចេកវិទ្យា (Algorithm) សម្រាប់មន្ត្រីរាជការស៊ីវិលដែលមានអាយុចន្លោះពី ២១ ដល់ ៣៥ ឆ្នាំ។ គំនិតផ្ដួចផ្ដើមនេះធ្វើឡើងក្នុងគោលបំណងជួយកាត់បន្ថយ «ភាពនឿយណាយក្នុងការអូសទូរស័ព្ទស្វែងរកគូ» (swipe fatigue) លើកម្មវិធីណាត់ជួបទូទៅ និងដើម្បីបង្កើតទំនាក់ទំនងដ៏មានន័យ និងពិតប្រាកដ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Strait Times ដើម្បីអាចចូលរួមបាន បេក្ខជនត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណតាមរយៈប្រព័ន្ធ Singpass និងបំពេញកម្រងសំណួរលម្អិតអំពីចំណង់ចំណូលចិត្ត ទម្លាប់ តម្លៃផ្ទាល់ខ្លួន និងលក្ខខណ្ឌជ្រើសរើសគូ។

កម្មវិធីនេះប្រើប្រាស់រូបមន្តគណិតវិទ្យា Gale-Shapley (ដែលធ្លាប់ឈ្នះរង្វាន់ Nobel ក្នុងឆ្នាំ ២០១២) ដើម្បីផ្គូផ្គងដៃគូដែលសមស្របបំផុត។ ក្នុងវគ្គផ្គូផ្គងនីមួយៗ អ្នកប្រើប្រាស់នឹងទទួលបានដៃគូតែម្នាក់គត់ រួមជាមួយនឹងពិន្ទុត្រូវគ្នានិងព័ត៌មានសង្ខេប ហើយលេខទូរស័ព្ទនឹងត្រូវចែករំលែក លុះត្រាតែភាគីទាំងសងខាងយល់ព្រមទទួលយកការណាត់ជួបតាមសារ SMS ក្នុងរយៈពេល ៣ ថ្ងៃ។

គំនិតផ្ដួចផ្ដើមនេះត្រូវបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋរៀបការយឺត និងអត្រាកំណើតធ្លាក់ចុះទាបជាប្រវត្តិសាស្ត្រ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលសិង្ហបុរីជួយរៀបចំការណាត់ជួបសម្រាប់អ្នកនៅលីវ ដោយកាលពីឆ្នាំ ១៩៨៤ រដ្ឋាភិបាលធ្លាប់បានបង្កើត «អង្គភាពអភិវឌ្ឍន៍សង្គម» (SDU) ដើម្បីរៀបចំកម្មវិធីជួបជុំ និងដំណើរកម្សាន្តសម្រាប់អ្នកនៅលីវដែលបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា៕

Khcct banner

អត្ថបទទាក់ទង