ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo អាយុ ៤១ ឆ្នាំ បានប្រកាសចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនៅក្នុងក្រុងកូពិនហាក ប្រទេសដាណឺម៉ាក ជាផ្លូវការ ក្រោយជំនួបពិភាក្សាដោះស្រាយភាពតានតឹង ជាមួយគ្រូបង្វឹកលោក Jorge Jesus និងប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) លោក Pedro Proença។
ថ្លែងលើបណ្តាញសង្គម Instagram លោក Ronaldo បានលើកឡើងថា៖ «បន្ទាប់ពីសន្និសីទសារព័ត៌មាន និងការពិភាក្សាជាមួយប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ខ្ញុំបានសម្រេចចិត្តចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ។ នៅពេលសមស្រប ខ្ញុំនឹងប្រាប់ប្រជាជនព័រទុយហ្គាល់ទាំងអស់អំពីការពិតនៅពីក្រោយការចាកចេញនេះ។ ពេលនេះជាពេលដែលត្រូវជូនពរឱ្យក្រុមព័រទុយហ្គាល់ និងមិត្តរួមក្រុមទាំងអស់ជួបតែសំណាងល្អ»។
សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) ក៏បានបញ្ជាក់ពីការចាកចេញរបស់ Ronaldo ផងដែរ ដោយអះអាងថាក្រុមដែលនៅសល់ ២៤ នាក់ទៀត នឹងបន្តការហ្វឹកហាត់ និងប្រកួតក្នុងពានរង្វាន់ UEFA Nations League តទៅទៀតតាមផែនការដែលបានកំណត់។
គួរបញ្ជាក់ថា ការសម្រេចចិត្តចាកចេញភ្លាមៗនេះ បានកើតឡើងបន្ទាប់ពីមានភាពតានតឹងជុំវិញការដែលរូបលោកត្រូវអង្គុយនៅកៅអីបម្រុង និងមិនត្រូវបានផ្លាស់ប្តូរឱ្យចូលលេងសូម្បីតែមួយនាទី ក្នុងជ័យជម្នះ ២-១ លើក្រុមន័រវែស កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រោយការប្រកួតនោះ Ronaldo បានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ហើយក៏មិនបានចុះហ្វឹកហាត់លើទីលានជាមួយមិត្តរួមក្រុមនៅថ្ងៃចន្ទ និងថ្ងៃអង្គារ៕