ថៃ៖ ក្រុមហ៊ុន Toyota Motor បានប្រកាសផ្អាកសង្វាក់ផលិតកម្មជាបណ្តោះអាសន្ននៅរោងចក្រចំនួន ៤ របស់ខ្លួន (រួមទាំង Toyota Auto Works) ដោយសារការដាច់ចរន្តដឹកជញ្ជូន និងផ្គត់ផ្គង់គ្រឿងបន្លាស់ បណ្តាលមកពីវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ។ គ្រោះមហន្តរាយនេះ កើតឡើងបន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៣២០ មីលីម៉ែត្រក្នុងរយៈពេលត្រឹម ៣ ថ្ងៃនៅរាជធានីបាងកក។ គិតត្រឹមពេលនេះ គ្រោះទឹកជំនន់បានសម្លាប់មនុស្សចន្លោះពី ២៤ ទៅ ៤០ នាក់ និងបានប៉ះពាល់ដល់ខេត្តចំនួន ៤៤ ក្នុងចំណោម ៧៧ ទូទាំងប្រទេស។
យោងតាមប្រភពព័ត៌មានថៃ បាងកកផសន៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ក៏បានប្រកាសផ្អាកសេវាទទួល និងដឹកជញ្ជូនទំនិញ (Cargo) ទាំងស្រុងរហូតដល់ថ្ងៃទី៦ ខែតុលា ដោយសារបុគ្គលិកជាច្រើនមិនអាចធ្វើដំណើរមកបំពេញការងារបាន។
គួររម្លឹកថា ក្នុងរយៈ៦ថ្ងៃកន្លងមក ព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិ (Suvarnabhumi) បានជួបប្រទះភាពច្របូកច្របល់យ៉ាងខ្លាំង ដោយសារបុគ្គលិកជិតពាក់កណ្តាលអវត្តមានពីការងារ បណ្តាលឱ្យឥវ៉ាន់របស់អ្នកដំណើរស្ទះរាប់ពាន់កញ្ចប់ និងជើងហោះហើរមួយចំនួនត្រូវលុបចោល។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងប្រញាប់ប្រញាល់បូមរំដោះទឹកចេញពីរាជធានីបាងកក ដោយរំពឹងថានឹងអាចគ្រប់គ្រងស្ថានការណ៍ និងឱ្យប្រក្រតីឡើងវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ៕