Swift cc time

ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ៥,០០០នាក់ ត្រូវម៉ាឡេស៊ីចាប់បញ្ជូនតាមកប៉ាល់ ត្រឡប់ទៅស្រុកវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

គូឡាឡាំពួ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានចាប់ផ្តើមបញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ាប្រមាណ ៥,០០០នាក់ ត្រឡប់ទៅប្រទេសដើមវិញ ក្រោមការព្រមព្រៀងដ៏ចម្រូងចម្រាសជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន BBC កប៉ាល់ជើងទឹកមីយ៉ាន់ម៉ាចំនួន ៣គ្រឿង បានដឹកជញ្ជូនជនភៀសខ្លួនជើងដំបូង ១,៤៧៦នាក់ ចាកចេញពីម៉ាឡេស៊ីរួចរាល់ហើយ។ ទង្វើនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ដោយសារបារម្ភពីហានិភ័យនៃអំពើហិង្សា និងការបង្ខំឱ្យចូលបម្រើកងទ័ព ខណៈអាជ្ញាធរម៉ាឡេស៊ីបានរារាំងភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) មិនឱ្យចូលជួប ឬពិនិត្យស្ថានភាពអ្នកទោសនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងនោះឡើយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបញ្ជាក់ថា លោកគ្មានជម្រើសអ្វីក្រៅពីចរចាបញ្ជូនពួកគេត្រឡប់ទៅវិញនោះទេ ដោយសារតែសម្ពាធសេដ្ឋកិច្ច និងការថ្នាំងថ្នាក់កាន់តែខ្លាំងពីពលរដ្ឋក្នុងស្រុក។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ និងការរីករាលដាលព័ត៌មានមិនពិតលើបណ្តាញសង្គម បានធ្វើឱ្យប្រជាជនម៉ាឡេស៊ីមើលឃើញជនភៀសខ្លួន ជាពិសេសជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ថាជា «បន្ទុកសន្តិសុខ និងសេដ្ឋកិច្ច»។ លើសពីនេះ លោកក៏កំពុងប្រឈមនឹងសម្ពាធនយោបាយផ្ទៃក្នុង ដែលតម្រូវឱ្យធ្វើការកែសម្រួលគោលនយោបាយដើម្បីរក្សាសំឡេងឆ្នោតមុនការបោះឆ្នោតឆ្នាំ២០២៨។

ការបញ្ជូនជនភៀសខ្លួនទាំងនេះត្រឡប់ទៅវិញ កំពុងប្រឈមនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរ និងក្តីបារម្ភផ្នែកមនុស្សធម៌ ព្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមិនត្រូវបានទទួលស្គាល់ជាពលរដ្ឋ និងគ្មានឯកសារស្របច្បាប់ឡើយ។ ម្យ៉ាងទៀត តំបន់ភាគច្រើនក្នុងរដ្ឋ Rakhine ដែលជាស្រុកកំណើតរបស់ពួកគេ បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអារ៉ាកាន (Arakan Army) និងរងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងពីកងទ័ពយោធាមីយ៉ាន់ម៉ា ដែលធ្វើឱ្យក្រុង Sittwe ជាទីតាំងតែមួយគត់ដែលអាចបញ្ជូនទៅបាន កំពុងស្ថិតក្រោមការឡោមព័ទ្ធ និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ៕


Khcct banner

អត្ថបទទាក់ទង