វៀតណាម៖ ប្រទេសវៀតណាមបានឈ្នះពានរង្វាន់ «គោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី» នៅក្នុងកម្មវិធី World Travel Awards ប្រចាំឆ្នាំនេះ ដោយបានយកឈ្នះលើប្រទេសក្នុងតំបន់ជាច្រើនដូចជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី។ នេះជាឆ្នាំទី ៦ ជាប់ៗគ្នាហើយ ដែលវៀតណាមអាចរក្សាតំណែងជ័យលាភីដ៏មានកិត្យានុភាពមួយនេះ។
យោងតាមការចេញផ្សាយរបស់កាសែត VN Express ទីក្រុង និងតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀតរបស់វៀតណាម ក៏ទទួលបានពានរង្វាន់ធំៗផងដែរ។ ក្នុងនោះ ទីក្រុងហូជីមិញ ត្រូវបានជ្រើសរើសជា «គោលដៅទេសចរណ៍ធុរកិច្ចឈានមុខគេ» ឯរាជធានីហាណូយ ទទួលបានពាន «គោលដៅទេសចរណ៍សម្រាកកម្សាន្តនៅទីក្រុង» ហើយរមណីយដ្ឋានតាំជុក (Tam Chuc) ទទួលបានពាន «តំបន់ទាក់ទាញទេសចរណ៍វប្បធម៌ឈានមុខគេ»។
ដោយឡែក តំបន់ភ្នំតាស្យួ (Ta Xua) ដែលជាកំពូលភ្នំខ្ពស់ជាងគេមួយនៅវៀតណាម មានកម្ពស់ជាង ២.៨០០ ម៉ែត្រធៀបនឹងកម្រិតទឹកសមុទ្រ បានឈ្នះពានរង្វាន់ «គោលដៅទេសចរណ៍ថ្មីថ្មោងឈានមុខគេ» ជាលើកដំបូង ដោយសារអាកាសធាតុត្រជាក់ត្រជុំ និងទិដ្ឋភាពសមុទ្រពពកដ៏ស្រស់ស្អាត។ ចំណែកឯតំបន់ម៉ុកចៅ (Moc Chau) និងឧទ្យានជាតិហ្វុងញ៉ា-កេបាង (Phong Nha – Ke Bang) ដែលជាបេតិកភណ្ឌពិភពលោក និងជាទីតាំងនៃរូងភ្នំសើនដូង (Son Doong) ធំជាងគេលើពិភពលោក ក៏ទទួលបានពានរង្វាន់ឈានមុខគេក្នុងផ្នែកធម្មជាតិ និងឧទ្យានជាតិផងដែរ៕