សិង្ហបុរី៖ បុរសជនជាតិមីយ៉ាន់ម៉ាអាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ Ye Lin ត្រូវបានចោទប្រកាន់នៅតុលាការសិង្ហបុរីនៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា នេះពីបទបញ្ជូនព័ត៌មានមិនពិត និងរារាំងដល់ដំណើរការយុត្តិធម៌ បន្ទាប់ពីលោកបានប្រើប្រាស់កម្មវិធី Gemini AI បង្កើតរូបភាពក្រពើក្លែងក្លាយនៅអាងស្តុកទឹក Pandan រួចផ្ញើទៅកាន់មិត្តរួមការងារ។ ការប្រឌិតរូបភាពនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងជំរុញឱ្យទីភ្នាក់ងារទឹកជាតិ (PUB) ព្រមទាំងគណៈកម្មាធិការឧទ្យានជាតិសិង្ហបុរី បើកប្រតិបត្តិការស្វែងរកសត្វក្រពើនោះ និងប្រកាសផ្អាកសកម្មភាពកម្សាន្តក្នុងទឹកទាំងអស់។
យោងតាមការចេញផ្សាយរបស់ CNA ក្រោយពេលអាជ្ញាធររកឃើញថា រូបភាពនោះជារូបភាពក្លែងក្លាយនៅថ្ងៃបន្ទាប់ សកម្មភាពកម្សាន្តត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ហើយការប្តឹងទៅកាន់ប៉ូលិសក៏ត្រូវបានធ្វើឡើង។ លោក Ye Lin ត្រូវ បានចោទប្រកាន់បន្ថែមពីបទរារាំងយុត្តិធម៌ ដោយសាររូបគេបានលុបរូបភាព និងប្រវត្តិប្រតិបត្តិការ (log history) ចេញពីកម្មវិធី Gemini AI លើទូរស័ព្ទដៃរបស់ខ្លួន។ ជនសង្ស័យបានប្រាប់តុលាការថា លោកមានបំណងទទួលស្គាល់កំហុសដោយមិនជួលមេធាវីការពារក្តីឡើយ ហើយលោកត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី (៧,៨០០ ដុល្លារអាម៉េរិក) ចំពោះការផ្សាយព័ត៌មានមិនពិត និងទោសជាប់ពន្ធនាគារអាចឈានរហូតដល់ ៧ ឆ្នាំ ចំពោះបទរារាំងដំណើរការយុត្តិធម៌។
អាជ្ញាធរប៉ូលិសសិង្ហបុរីបានចេញការព្រមានធ្ងន់ៗថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដោយសារសកម្មភាពទាំងនេះមិនត្រឹមតែបង្កការភ័យខ្លាចដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខាតបង់ធនធានរដ្ឋក្នុងការឆ្លើយតបដោយមិនចាំបាច់ទៀតផង៕