Swift cc time

យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមអាកាស ផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣៣នាក់ នៅភាគខាងជើងរដ្ឋរ៉ាខាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

យ៉ាំងហ្គូន៖ កងទ័ពអាកាសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានបើកការវាយប្រហារតាមអាកាសយ៉ាងកម្រោល បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៣នាក់ស្លាប់ និង ៣៦នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីយន្តហោះចម្បាំងបានទម្លាក់គ្រាប់បែក ២គ្រាប់ ចំកណ្តាលផ្សារបោះដុំដ៏ធំមួយក្នុងទីប្រជុំជន Kyauktaw ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមកងទ័ពអារ៉ាកាន (Arakan Army)។ រហូតមកទល់ពេលនេះ ភាគីយោធាមីយ៉ាន់ម៉ាមិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយភ្លាមៗនោះទេ ដោយកន្លងមកយោធាតែងតែអះអាងថា ខ្លួនប្រហារតែលើគោលដៅយោធាប៉ុណ្ណោះ និងបានចោទប្រកាន់ក្រុមប្រដាប់អាវុធប្រឆាំងថាជា «ក្រុមភេរវករ»។

យោងតាមទីភ្នាក់ងារសារព័ត៌មានអាហ្សាហ្ស៊ីរ៉ា គ្រោះមហន្តរាយនេះ បានផ្តាច់ជីវិតអាជីវករ អ្នកទិញទំនិញ និងអ្នកធ្វើដំណើរឆ្លងកាត់ភ្លាមៗ ដោយបន្សល់ទុកនូវអគារឆាបឆេះ រថយន្ត និងស្ពានខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរសង្គ្រោះបន្ទាន់បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត។

តាមប្រភពដដែល នៅក្នុងរដ្ឋរ៉ាខាញ កងទ័ពអារ៉ាកានដែលទាមទារស្វ័យភាពជូនជនជាតិភាគតិច បានបើកការវាយប្រហារសឹកធំ និងដណ្តើមគ្រប់គ្រងទីប្រជុំជនបាន ១៤ ក្នុងចំណោម ១៧។ ជាការឆ្លើយតប កងទ័ពមីយ៉ាន់ម៉ាបានដាក់កំហិតយ៉ាងតឹងរ៉ឹងលើផ្លូវពាណិជ្ជកម្ម រហូតបង្កជាវិបត្តិខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅតំបន់នោះ។ ករណីទម្លាក់គ្រាប់បែកលើផ្សារនេះមិនមែនជាលើកទីមួយឡើយ ដោយកាលពីខែធ្នូ កន្លងទៅ ការវាយប្រហារលើមន្ទីរពេទ្យមួយក្នុងតំបន់នេះ និងបានសម្លាប់មនុស្ស ៣៣នាក់។

បច្ចុប្បន្ន ជម្លោះប្រដាប់អាវុធទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានការប្រើប្រាស់ដ្រូន (Drones) វាយប្រហារពីភាគីជម្លោះ បានផ្តាច់ជីវិតមនុស្សសរុបជាង ១០០,០០០នាក់ហើយ នេះបើយោងតាមទិន្នន័យពីគម្រោង ACLED។ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា មនុស្សជិតកន្លះលាននាក់បានភៀសខ្លួននៅក្នុងរដ្ឋរ៉ាខាញ ហើយស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ចុះ «ដល់កម្រិតទាបបំផុត» ដោយសារការរំលោភបំពានយ៉ាងឃោរឃៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ព្រមទាំងផលប៉ះពាល់បំផ្លិចបំផ្លាញនៃសកម្មភាពសេដ្ឋកិច្ចខុសច្បាប់ រួមទាំងការជីករ៉ែធាតុកម្រ៕

Khcct banner

អត្ថបទទាក់ទង